ស្ទើរមិនគួរឱ្យជឿថា វត្តមួយនៅក្នុងខេត្តបាត់ដំបងមានអាយុកាលរហូតដល់ជាង ៣០០ ឆ្នាំឯណោះ

109453
  • វត្តអារាមដែលមានអាយុកាលចំណាស់មួយក្នុងខេត្តបាត់ដំបង ដែលមានឈ្មោះថា វត្តសំរោង មានទីតាំងស្ថិតនៅខាងជើងឆៀងខាងកើតនៃក្រុងបាត់ដំបង ក្នុងភូមិសំរោង ឃុំសំរោង ក្នុងស្រុកឯកភ្នំ ។ មានចំងាយប្រមាណ ៥,៧៧ គីឡូម៉ែត្រ ដោយគិតចាប់ពីសាលាខេត្តបាត់ដំបងរហូតទៅដល់វត្ត ។ វត្តសំរោងក្នុងបានកសាងឡើងនៅឆ្នាំ ១៧០៧ ដោយលោក ធុត្តុង្គជ័យ ជាអាស្រម ដែលគិតមកដល់ពេលនេះមានអាយុកាល ៣១២ ឆ្នាំហើយ ។

    សំរោងក្នុង គឺជាឈ្មោះដើមឈើដែលដុះនៅទីនោះដ៏ធំមួយដើមដែលមានអង្គត់ផ្ចិត ២ ម៉ែត្រ ហើយជាកន្លែងតាំងអាស្រមរបស់លោក ធុត្តុង្គជ័យ ហើយបន្ទាប់មកក៏មានព្រះសង្ឃ សិស្សគណជាបន្តបន្ទាប់មកគឺជាទីសក្តិសិទ្ធដែលសំរេចគោលបំណងនសការបន់ស្រន់តាមអបិយជំនឿរបស់អ្នកមុខអ្នកការ និងប្រជាពលរដ្ឋទាំងអស់រៀងដរាបមកដល់សព្វថ្ងៃនេះ ។ វត្តសំរោងក្នុង បានចាប់កំណើតតាំងពីឆ្នាំ ១៧០៧ ក្នុងរូបភាពជាអាស្រមរបស់ ធុត្តុង្គជ័យ ក្នុងអំឡុងនៃការគ្រប់គ្រងអំណាចរបស់គ្រួសារស្ដេចត្រាញ់ចៅ ហ្វា បែន ។ នៅឆ្នាំ ១៨៨៧ ព្រះចៅអធិការទី៧ នៃវត្តសំរោងក្នុងបានកសាងប្រាសាទឥដ្ឋមួយដើម្បីតម្កល់អដ្ឋិធាតុព្រះចៅអធិការវត្តកាលពីជំនាន់មុន ។ ៣ឆ្នាំក្រោយមក ខ្សែស្រឡាយរបស់ស្ដេចក្រាញ់ចៅ ហ្វា បែន ក៏បានឱ្យគេសាងសង់ព្រះវិហារមួយផងដែរ ដែលមានទីតាំងលើព្រះវិហារចាស់ ដើម្បីបួងសួងផ្សេងៗតាមលទ្ធិព្រះពុទ្ធសាសនា ។ ព្រះវិហារ និងប្រាសាទធ្វើអំពីឥដ្ឋដែលមាននៅសេសសល់រហូតដល់សព្វថ្ងៃនេះ ។

    សូមរំលឹកថា ប្រាសាទវត្តសំរោងក្នុង ត្រូវបានកសាងក្នុងអំឡុង ព.ស ២១៣១ គ.ស ១៨៨៧ ដោយព្រះគ្រូ មុនីវិសុទ្ធវង្ស រាជាគណថ្នាក់ចត្វា និងជាព្រះចៅអធិការទី៧ នៃវត្តសំរោងក្នុង ។ ការកសាងនេះមានបំណងសម្រាប់ដំកល់ព្រះធាតុព្រះគ្រូអធិការ ៦ អង្គមុនៗ មានដូចជា៖ ព្រះធាតុធុត្តុង្គជ័យ, ធុត្តុង្គតាក, ធុត្តុង្គណាក, ធុត្តុង្គរស់, ធុត្តុង្គរដ្ឋ និងលោកតា កែ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី