
គ្រូបង្វឹករបស់ Liverpool លោក Jurgen Klopp ជឿថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្របខណ្ឌ UEFA Champions League ជាមួយ Roma នឹងផ្តល់ឲ្យកូនក្រុមរបស់គាត់នូវបទពិសោធន៍ដ៏ថ្មីស្រឡាងមួយទៀត។
ក្រុមហង្សក្រហមបានបណ្តោយឲ្យការនាំមុនពីរគ្រាប់មុនប្រែជាគ្មានន័យកាលពីថ្ងៃសៅរ៍នេះ នៅពេលពួកគេទទួលបានលទ្ធផលត្រឹម ២-២ ជាមួយ West Brom នៅក្របខណ្ឌ Premier League ។ Danny Ings និង Mohamed Salah ជាអ្នកជួយឲ្យក្រុមភ្ញៀវធ្វើការនាំមុខមុន ប៉ុន្តែគ្រាប់បាល់ចុងម៉ោងរបស់ Jake Livermore និង Salomon Rondon បានជួយឲ្យក្រុមបាតតារាងទទួលបានមួយពិន្ទុវិញ។ ទោះជាយ៉ាងណាក៏ដោយ Klopp មិនជឿថា លទ្ធផលខកបំណងនេះនឹងប៉ះពាល់ជាអវិជ្ជមានដល់ការប្រកួតជាមួយ Roma នៅថ្ងៃអង្គារនេះទេ ព្រោះក្រុមអ៊ីតាលីមួយនេះគឺជាក្រុមខ្លាំងបែបផ្សេង។
Klopp បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចប់ការប្រកួតថា៖ “និយាយតាមត្រង់ទៅចុះ យើងមិនត្រូវការកែប្រែក្នុងស្ថានភាពបែបនេះទេ។ យើងមិនចាំបាច់ត្រូវធ្វើការព្រមានទៅកីឡាករអំពីលទ្ធផលមិនល្អនេះ ហើយតម្រូវឲ្យពួកគេប្រឹងប្រែងធ្វើឲ្យបានល្អបន្ថែមទៀតឡើយ ។ Roma គឺជាក្រុមខ្លាំងប្រភេទផ្សេង ហើយការប្រកួតនឹងមានលក្ខណៈខុសគ្នាទាំងស្រុង ។ ពួកគេក៏មានបច្ចេកទេសពិសេសរបស់គេដែរ ប៉ុន្តែពួកគេមិនពឹងផ្អែកលើបច្ចេកទេសពិសេសតែប៉ុណ្ណោះទេ។ ពេលខ្លះពួកគេក៏លេងបាល់ទាបដែរ ដូច្នេះហើយអ្នកអាចប្រកួតជាមួយពួកគេបាន”។
គាត់បានបន្ថែមទៀតថា៖ “យើងនឹងបង្ហាញកីឡាកររបស់យើងឲ្យបានដឹងនូវអ្វីដែលយើងគិតថាជាចំណុចសំខាន់ ហើយយើងនឹងរៀបចំកិច្ចប្រជុំមួយអំពីបញ្ហានេះ។ វាគឺជាផែនការសម្រាប់ត្រៀមទុកជាមុន និងការត្រៀមខ្លួនបន្តិចបន្តួចសម្រាប់ប៉ះជាមួយ Roma នៅពេលនោះ ។ យើងមិនមានពេលច្រើននោះទេ ប៉ុន្តែខ្ញុំជឿជាក់ថា កូនក្រុមរបស់ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ” ៕
ដោយ៖ តារា