គ្រូវាយកូនបាល់កម្ពុជា រំពឹងឈ្នះមេដាយកម្រិតណាមួយនៅស៊ីហ្គេមលើកទី៣០ ប្រទេសហ្វីលីពីន

45961
  • គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា លោក ជា ពៅ បានដាក់ក្តីសង្ឃឹមថា កីឡាករ-កីឡារិនីរបស់ខ្លួននឹងអាចប្រជែងបានមេដាយ ក្នុងកម្រិតណាមួយ លើវិញ្ញាសាម្នាក់ទល់ម្នាក់ និងវិញ្ញាសា វាយគូ បុរស-នារីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ដំណើរការ ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ។

    គ្រូបង្វឹកវាយកូនបាល់រូបនេះបញ្ជាក់ជូនថា សម្រាប់ការហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០១៩នេះ បានប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាដោយចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់តាំងពីចុងខែមេសាមកម្លេះ ដើម្បីបង្កើនបាននូវគុណភាពបច្ចេកទេសឲ្យកាន់តែប្រសើរបន្ថែមទៀត ។ ជម្រើសជាតិវាយកូន បាល់ទាំង ៧ នាក់រួមមាន៖ កីឡាករ ប៊ុន កេន្នី, ឱ សារិទ្ធ, ឃ្លាំង ពន្លក និងកីឡាការិនី ហូ ស្រីណុច, កា អង់ដ្រេអា ដារ៉ាវី, ក្រូសលីន ហ្គ្រាស អានិត្យ និងស៊ុម ចិន្តា ហើយនៅក្នុងចំណោមកីឡាការិនី ៣ នាក់កំពុងហ្វឹកហាត់នៅសហរដ្ឋអាមរិក ។ សម្រាប់កីឡាការិនី ៣ នាក់ ដែលកំពុងហ្វឹកហាត់នៅអាមេរិកនោះ រួមមាន៖ កា អង់ដ្រេអា ដារ៉ាវី មានឪពុកម្តាយជាជនជាតិខ្មែរ ប៉ុន្តែគាត់ទៅសិក្សានៅអាមេរិក ដោយឆ្លៀតហ្វឹកហាត់ផង និងដើរប្រកួតនៅជុំវិញពិភពលោកផង ដោយមានចំណាត់ថ្នាក់ពិភពលោក ក្នុងពិន្ទុ ៥៦០ ដែរ ខណៈកីឡាការិនី ក្រូសលីន ហ្គ្រាស អានិត្យ និងស៊ុម ចិន្តា កំពុងហ្វឹកហាត់នៅទីនោះ ប៉ុន្តែមិនមែនហ្វឹកហាត់ជុំគ្នាទេ គឺពួកគាត់ទាំង ៣ នាក់ នៅរដ្ឋខុសៗគ្នា ។
    លោក ជា ពៅ បញ្ជាក់ទៀតថា នៅអំឡុងពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ពួកគាត់ទាំងបីនាក់នឹង ត្រឡប់មកកម្ពុជាវិញ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាពី ២ទៅ៣ សប្តាហ៍ មុនពេលចេញទៅចូលរួមប្រកួត នៅហ្វីលីពីនតែម្តង ដោយតាមការគ្រោងទុកនឹងត្រូវចេញដំណើរនាថ្ងៃទី២៩ ខែវិច្ឆិកា ហើយត្រូវចាប់ផ្តើមប្រកួត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែធ្នូ ដោយប្រកួតលើ ៥ វិញ្ញាសា ម្នាក់ទល់ម្នាក់បុរស-នារី , វាយគូបុរស-នារី និង វិញ្ញាសាវាយគូចម្រុះបុរស-នារី ។ រីឯប្រតិភូដឹកនាំលើប្រភេទកីឡាវាយកូនបាល់នេះ គឺលោក ទេព រិទ្ធីវិទ្ធ អគ្គ លេខាធិការសហព័ន្ធ , លោក ជា ពៅ គ្រូបង្វឹក និងលោក អានីរូស ប្រាអេន គ្រូបង្វឹកជាជនជាតិបរទេស ។

    សូមរំឭកថា ប្រភេទកីឡាវាយកូនបាល់ នៅក្នុងស៊ីហ្គេម ២ លើកកន្លងទៅ ធ្លាប់ដណ្តើមបានមេដាយ សំរឹទ្ធលើវិញ្ញាសា ម្នាក់ទល់ម្នាក់បុរស កាលពីស៊ីហ្គេម ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ហើយកាលពី ស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ឈ្នះបានមេដាយសំរឹទ្ធ ១ គ្រឿងដូចគ្នាដែរ លើវិញ្ញាសាម្នាក់ទល់ម្នាក់នារី ។ ប្រភេទកីឡាវាយកូនបាល់នេះត្រូវបានក្រសួងអប់រំ យុវជន និងកីឡាចាត់ចូលក្នុងប្រភេទកីឡាសក្តានុពលទាំង ៩ ក្នុងការប្រជែងមេដាយពីស៊ីហ្គេម ឆ្នាំ២០១៩ ខណៈប្រភេទកីឡាសរុបមានចំនួន ៣០ ប្រភេទ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី