
Alexis Sanchez បានជាប់ទោសពីបទក្លែងបន្លំមិនបង់ពន្ធអំឡុងពេលដែលគាត់លេងនៅប្រទេសអេស្ប៉ាញ ប៉ុន្តែកីឡាករថ្មីរបស់ Manchester United រូបនេះនឹងមិនត្រូវជាប់ពន្ធាគារឡើយ។
កីឡាករសញ្ជាតិឈីលីរូបនេះបានលេងឲ្យក្លឹប Barcelona រយៈពេលបីឆ្នាំ មុនផ្ទេរទៅ Premier League ដោយលេងឲ្យក្រុម Arsenal នៅឆ្នាំ ២០១៤។ កីឡាកររូបនេះត្រូវបាន ចោទប្រកាន់ពីបទក្លែងបន្លំគេចពន្ធដល់រដ្ឋាភិបាលអេស្ប៉ាញ។
Sanchez ត្រូវបានកាត់ទោសឲ្យជាប់ពន្ធាគាររយៈពេល ១៦ ខែពីបទមិនបានប្រកាសប្រាក់ចំណូលពីសិទ្ធិប្រើប្រាស់រូបភាពរបស់គាត់ដែលមានចំនួនរហូតដល់ ១ លានអឺរ៉ូ ប៉ុន្ដែដោយសារតែនេះជាបទល្មើសដំបូងរបស់គាត់ និងរយៈពេលនៃការជាប់ទោសមានរយៈពេលខ្លី គាត់នឹងមិនត្រូវជាប់ពន្ធនាគារនោះទេ។
ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះបានយល់ព្រមទូទាត់នូវចំនួនទឹកប្រាក់ដែលបានជំពាក់ រួមជាមួយនឹងការប្រាក់ ហើយឥឡូវនេះគាត់អាចបន្តជួយដល់ក្រុមបិសាចក្រហមទៀតបន្ទាប់ពីផ្ទេរពីក្រុមកាំភ្លើងធំនៅខែ មករា នេះ។
Sanchez បានស៊ុតបញ្ចូលទីក្នុងការប្រកួតក្នុងទឹកដីសម្រាប់ក្រុម Man United ក្នុងជ័យជម្នះ ២-០ លើ Huddersfield កាលពីសប្តាហ៍មុន ហើយការប្រកួតបន្ទាប់របស់គេគឺជំនួបទល់នឹង Newcastle នៅថ្ងៃអាទិត្យ ខាងមុខនេះ។
ដោយ៖ តារា
ប្រភព៖ foxsportsasia