វិស័យកីឡា បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គមជាតិ និងសុខមាលភាពពលរដ្ឋ

31457
  • ដើម្បីជំរុញដល់ការអភិវឌ្ឍសុខមាលភាពសង្គម និងការអភិវឌ្ឍសង្គមជាតិ តាមរយៈវិស័យកីឡា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញនូវគុណតម្លៃដ៏ធំធេងនៃកីឡា ក្នុងនោះមានប្រវត្តិចលនាអូឡាំពិ និងខ្លឹមសារសំខាន់ៗជាច្រើនទៀត នៅក្នុងឱកាសបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា កាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការ NOCC ។

    ឯកឧត្តម វ៉ាត់ ចំរើន ដែលជាគ្រូឧទ្ទេសប្រចាំវគ្គសិក្សានេះដែរនោះមានប្រសាសន៍ថា វគ្គសិក្សាសាមគ្គី អូឡាំពិកស្តីពីរដ្ឋបាលកីឡានេះ គឺជាវគ្គមួយដែលគណៈកម្មការអន្តរជាតិតែងតែបណ្តុះបណ្តាលគ្រប់ចលនា អូឡាំពិកនៃបណ្តាប្រទេសទាំងអស់លើពិភពលោក ជាពិសេ គឺប្រតិបត្តិករកីឡាត្រូវទទួលបាននូវចំណេះដឹងនៃ ចលនាអូឡាំពិក ដែលមានតម្លៃជាសាកល ហើយរដ្ឋបាលកីឡានេះត្រូវបានចែកចេញជាពីរ គឺអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការងារ ។ កីឡាជាឧបករណ៍មួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម ដោយប្រទេសជាតិមួយ មានអ្នកលេងកីឡាច្រើនប្រទេសនោះនឹងមានសុខមាលភាពល្អ ហើយមានប្រជាជនមានការគោរពគ្នាទៅវិញទៅមក ដែលអង្គការយូណេស្កូ អង្គការសហប្រជាជាតិបានចាត់ទុកថា កីឡាបានផ្តល់នីតិសម្បទាដល់មនុស្ស និងបានធ្វើឲ្យមនុស្ស រស់នៅក្នុងសង្គមប្រកបដោយសេចក្តីសុខ និងសន្តិភាព ។ ប្រទេសណាមានអ្នកលេង កីឡាច្រើន ប្រទេសនោះជានិតីរដ្ឋមានការគោរពច្បាប់ ។ ដូច្នេះគណៈកម្មការអូឡាំពិកអន្តរជាតិបានចាប់ដៃគូ ជាមួយអង្គការសហប្រជាជាតិ ដើម្បីឲ្យចលនាអូឡាំពិកពិភពលោកក្លាយជាចំណែកមួយក្នុងវិស័យអប់រំ ដោយការអប់រំមិនអាចខ្វះបាន ការអប់រំសុខភាព អប់រំកាយ និងកីឡា ។
    គោលដៅនៃការអប់រំ និងគោលដៅនៃកីឡាបានដើរទន្ទឹមគ្នា ស្របគ្នាតែមួយឆ្ពោះទៅរកសុខដុមនីយកម្មក្នុងសង្គម ហើយក្រៅពីនេះកីឡាបាននាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព រួមជាមួយនឹងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តាមរយៈកីឡានេះផងដែរ ។
    ឯកឧត្តមអគ្គលេខាធិការបានសំណូមឲ្យសិក្ខាកាមទាំងអស់ គប្បីត្រូវយកចំណេះដឹងទាំងនេះទៅផ្សព្វ ផ្សាយ និងអភិវឌ្ឍខ្លួនឯងផង និងសង្គមជាតិផង ហើយនៅពេលខាងមុខវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាល កីឡានឹងបន្តបើកជាបន្តបន្ទាប់ទៀត ហើយក៏គ្រោងនឹងរៀបចំឲ្យមានវគ្គកម្រិតខ្ពស់ៗ ដោយរៀនជាមួយនឹងគ្រូ ឧទ្ទេសអន្តរជាតិដោយផ្ទាល់ ដើម្បីជំរុញដល់ការផលិតធនធានមនុស្សនៅកម្ពុជាកាន់តែមានសមត្ថភាពប្រកប ដោយគុណភាពផងដែរ ។

    លោក ឯម ហៀង ប្រធានគ្រប់គ្រងវគ្គបានបញ្ជាក់ថា វគ្គសិក្សានេះមានសិក្ខាកាមចូលរួមសរុបចំនួន ៦០ នាក់ ដែលជាមន្ត្រីមកពី NOCC , CAMSOC ១០ នាក់ និងសហព័ន្ធកីឡាជាតិចំនួន ៤៤ នាក់ ដោយដំណើការ ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ហើយសិក្ខាកាមទទួលបានលទ្ធផលនិទ្ទេសល្អ ៥នាក់ស្មើនឹង៨%, និទ្ទេសល្អ បង្គួរ៣២នាក់ ស្មើនឹង ៥៣% និងនិទ្ទេសមធ្យម មាន២៣នាក់ស្មើនឹង៣៨% ។ វគ្គសិក្សានេះមាន គ្រូឧទ្ទេស៣នាក់ គឺលោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានចែករំលែកបទពិសោធន៍លើការធ្វើការ ជាមួយអ្នកស្ម័គ្រចិត្ត ទំនាក់ទំនងការរៀបចំព្រឹត្តិការណ៍កីឡា ការរៀបចំអង្គប្រជុំ ការទំនាក់ទំនង ស្ត្រី និងកីឡា ។ លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្រ្តកីឡា ផ្តោតសំខាន់ លើរបបអាហារ ភេសជ្ជៈ សម្រាប់អត្តពលិក ការត្រួតពិនិត្យសារធាតុដូពីង, ការបញ្ជាក់ភេទ, ការសង្គ្រោះបឋម និងវិធីការពាររបួស ក្នុងកីឡា ។ រីឯគ្រូឧទ្ទេស ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខា NOCC នោះ បានចែក រំលែកបទពិសោធន៍អំពីប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធអង្គការសាមគ្គីអូឡាំពិក ភាពជាអ្នកដឹកនាំ លេង ដោយយុត្តិធម៌ ការកំណត់និស្ស័យរបស់អត្តពលិក និងរចនាសម្ព័ន្ធគ្រប់គ្រងចលនាអូឡាំពិក ព្រមទាំងបាន បង្ហាញអំពីទ្រឹស្តីកីឡាជំនាញផងដែរ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី