កម្ពុជាមានសហគមន៍លើស ១០០ កំពុងទាក់ទាញទេសចរ

35786
  • លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ខិតខំប្រែក្លាយសហគមន៍ ដែលមិនទាន់មានសកម្មភាពទេសចរណ៍ ទៅជាសហគមន៍ ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាបាន តាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍ ការរុករក និងបង្កើតផលិតទេសចរណ៍ថ្មីៗ ក្នុងសហគមន៍ បើទោះបីស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងណាមួយក៏ដោយ ។
    ការជំរុញយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ ។

    ក្រោយបញ្ចប់កិច្ចប្រជុំ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ បានឱ្យដឹងថា អង្គប្រជុំបានជំរុញលើកទឹកចិត្តឱ្យសហគមន៍នានា ខិតខំបញ្ចូលសកម្មភាពទេសចរណ៍ ទៅក្នុងមូលដ្ឋានរបស់ខ្លួន មិនថាសហគមន៍នោះស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងទេសចរណ៍ ឬក្រសួងណាមួយឡើយ ។
    លោក ជំនោរ បានបន្តថា តាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ សហគមន៍ដែលចំណុះក្រោមការគ្រប់គ្រង របស់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួនសរុបជាង ២,៣០០កន្លែង ក្នុងនោះសហគមន៍ដែលកំពុងមានសកម្មភាព ទេសចរណ៍មានចំនួន ១២៥កន្លែង ។
    ក្នុងចំណោមនោះ ក្រសួងទេសចរណ៍ មានសហគមន៍ចំនួន ៧៩កន្លែង ក្នុងខេត្តចំនួន២០ ដែលកំពុងប្រតិបត្តិការក្នុងនាមជាសហគមន៍ទេសចរណ៍, ក្រសួងបរិស្ថាន មានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៦៨កន្លែង (២០សហគមន៍ មានបញ្ចូលសកម្មភាពទេសចរណ៍) ។ ដោយឡែក ក្រសួង-ស្ថាប័នផ្សេងៗក៏បានកំពុងធ្វើបច្ចុប្បន្នភាពកិច្ចការនេះផងដែរ ។
    លោកបានបន្ថែមថា អង្គប្រជុំក៏បានជំរុញឱ្យមានការបណ្ដុះបណ្ដាលដល់ប្រជាសហគមន៍នូវស្ដង់ដាបច្ចេកទេស ក៏ដូចជាចំណេះដឹងពាក់ព័ន្ធនឹងការទទួលបដិសណ្ឋារកិច្ច និងការពារសុវត្ថិភាពជូនភ្ញៀវទេសចរ បញ្ហាការពារបរិស្ថាន ការទុកដាក់សំរាម ការពង្រឹងគុណភាពសេវាកម្ម និងអនាម័យជាដើម ។

    បើតាមលោក ជុក ជំនោរ បញ្ហាជំរុញការកសាងផ្លូវតភ្ជាប់ទៅកាន់សហគមន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការតបណ្ដាញទឹកស្អាត បណ្ដាញអគ្គិសនី បណ្ដាញទូរគមនាគមន៍ ក៏ត្រូវបានជំរុញយ៉ាងម៉ឺងម៉ាត់នៅក្នុងអង្គប្រជុំផងដែរ។
    សូមជម្រាបថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍បានរួមចំណែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ពន្យារពេលស្នាក់នៅរបស់ទេសចរ និងចំណូលផ្ទាល់ទៅដល់ប្រជាជនមូលដ្ឋាន។ ជាក់ស្តែង តាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) វិស័យទេសចរណ៍វប្បធម៌មានចំណែកទីផ្សារប្រមាណ ៥០% នៃទីផ្សារទេសចរណ៍សកលលោក ហើយមានកំណើនប្រចាំឆ្នាំក្នុងអត្រាប្រមាណ ៦%។
    ដោយឡែក សម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ វិស័យទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមានចំណែកទីផ្សារប្រមាណ ៥០% នៃទីផ្សារសរុប ហើយទេសចរណ៍តំបន់ឆ្នេរមានចំណែកទីផ្សារប្រមាណ ២០% អេកូទេសចរណ៍ប្រមាណ ២០% និងទីផ្សារទេសចរណ៍កីឡា និងកម្សាន្តផ្សេងៗទៀត ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី