
ក្រុមទួលស្វាយព្រៃទី២ ក្លាយជាជើងឯក បាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនសង្កាត់ ក្នុង ខណ្ឌបឹងកេងកង ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម អូឡាំពិក នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ១ទល់ នឹង០ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង រាជធានីភ្នំពេញ ។
លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា កម្មវិធីបាល់ទាត់ពាន រង្វាន់មិត្តភាពយុវជននេះ មាន៧ សង្កាត់ប៉ុន្តែដើម្បី ឲ្យគ្រប់ក្រុម ទើបគណៈកម្មាធិការ រៀប ចំការប្រកួតសម្រេចបញ្ចូលមួយក្រុមទៀត គឺក្រុមគណៈបញ្ជាការឯកភាពខណ្ឌ ដូច្នេះសរុប ទាំងអស់មាន៨ក្រុម ដែលបានដំណើរការប្រកួតអស់រយៈពេល៤ខែមកហើយ គឺចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ។
ថ្លែងក្នុងឱកាសបិទការប្រកួត ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងកេងកង បានបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនសង្កាត់ ក្នុងខណ្ឌបឹងកេងកង បង្កើតឡើងក្នុងគោលបំណង ដើម្បី បំផុសដល់គ្រប់ស្រទាបមហាជន អោយចូលរួមលេងកីឡាដើមី្បសុខភាព ធ្វើឲ្យកាយសម្បទារឹងមាំ បង្កើនសាមគ្គីភាព រឹតចំណងមិត្តភាព នៅក្នុងមូលដ្ឋានអោយកាន់តែមានភាពជិតស្និតបន្ថែមទៀត ។ ឯកឧត្តមបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ត្រូវឧស្សាលេងកីឡា ។
សូមបញ្ជាក់ថា ម្ចាស់ជើងឯកបាល់ទាត់ពានរង្វាន់មិត្តភាពសង្កាត់ក្នុងខណ្ឌបឹងកេងកង បានទៅលើក្រុមទួលស្វាយព្រៃទី២ ទទួលបានពាន់១ មេដាយម្នាក់១គ្រឿង ទឹក៣លានរៀល ជើងឯករងបានទៅលើក្រុមអូឡាំពិក ទទួលបានពាន១ មេដាយម្នាក់១គ្រឿង ទឹកប្រាក់ ២ លានរៀល លេខ៣ ស្ទួន បានទៅលើក្រុម ទួលស្វាយព្រៃទី១ នឹងក្រុមបឹងកេងកងទី៣ ទទួល បានមេដាយម្នាក់ ១គ្រឿង ទឹកប្រាក់១លានរៀល ចំពោះក្រុមដែលមិនទទួលបានចំណាត់ថ្នាក់ ក៏ទទួលបានការឧបត្ថម្ភពីសាលាខ័ណ្ឌក្នុងមួយក្រុម ៤០ម៉ឺន រៀលផងដែរ ។ នៅក្នុងឱកាស នោះ ឯកឧត្តម សំហេង បុរស ក៏បានឧបត្ថម្ភទៅលើក្រុមលេខ១ បន្ថែម ១លានរៀលទៀត លេខ២ លេខ៣ និងក្រុមដែលមិនទទួលបានចំណាត់ថ្នាក់ក៏ទទួលបាន ៦០ម៉ឺនរៀល បន្ថែម ទៀតដូចគ្នា ៕
ដោយ៖ តារា