ម្ចាស់រមណីយដ្ឋានមួយចំនួននៅខេត្តកំពតអះអាងថា នឹងត្រៀមខ្លួនឱ្យបានរួចរាល់មុនបុណ្យសមុទ្រមកដល់

117223
  • ម្ចាស់រមណីយដ្ឋានសំខាន់ៗមួយចំនួននៅខេត្តកំពត បានអះអាងប្រាប់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍យ៉ាងដូច្នេះថា ពួកគាត់នឹងខិតខំរៀបចំការងារពាក់ព័ន្ធបន្ថែមផ្សេងទៀតក្នុងរមណីយដ្ឋាន ដើម្បីត្រៀមចាំទទួលភ្ញៀវទេសចរឱ្យបានរួចរាល់ មុនពិធីបុណ្យសមុទ្រមកដល់ នាពេលចុងឆ្នាំខាងមុខនេះ។
    សកម្មភាពចុះតាមរមណីយដ្ឋានដោយផ្ទាល់នេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដោយក្នុងនោះលោករដ្ឋមន្ត្រី ថោង ខុន និងក្រុមមន្ត្រី បានទៅដល់រមណីយដ្ឋានទេសចរណ៍ «ឧទ្យានដងព្រែក» ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ និងបានបន្តទៅដល់រមណីយដ្ឋាន «ដូងទេរ» រមណីយដ្ឋានទេសចរណ៍ធម្មជាតិ «កោះតាដា» និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ «ទឹកឈូ» ដែលសុទ្ធតែស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ។

    លោក លី រតនា ម្ចាស់រមណីយដ្ឋាន «ដូងទេរ» និងលោក Alexis ម្ចាស់រមណីយដ្ឋានទេសចរណ៍ «ឧទ្យានដងព្រែក» សុទ្ធតែបានអះអាងចំពោះលោករដ្ឋមន្ត្រី ថោង ខុន ថា ពួកគាត់នឹងខិតខំរៀបចំការងារពាក់ព័ន្ធបន្ថែមផ្សេងទៀតក្នុងរមណីយដ្ឋាន ដើម្បីត្រៀមចាំទទួលភ្ញៀវទេសចរឱ្យបានរួចរាល់ មុនពិធីបុណ្យសមុទ្រមកដល់នាពេលចុងឆ្នាំខាងមុខនេះ ។
    ក្នុងពេលចុះត្រួតពិនិត្យដោយផ្ទាល់នោះ លោក ថោង ខុន បានមើលឃើញបញ្ហាមួយចំនួន ដូចជាបញ្ហាសំរាម ការដក់ទឹកថ្លុក និងបញ្ហាអនាម័យជាដើម ដោយក្នុងនោះលោកបានណែនាំឱ្យម្ចាស់រមណីយដ្ឋាន ពិសេសមន្ទីរទេសចរណ៍ត្រូវចូលរួមកែសម្រួលឱ្យល្អប្រសើរឡើងវិញ ។
    លោករដ្ឋមន្ត្រីបានវាយតម្លៃចំពោះការរៀបចំ និងការទទួលភ្ញៀវនៅតាមរមណីយដ្ឋានទាំងនោះ គឺមានភាពល្អប្រសើរច្រើនហើយ ប៉ុន្តែសូមឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាសំរាម ដែលនៅ
    រាយប៉ាយតាមទីធ្លារមួយចំនួននៃរមណីយដ្ឋាន ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីក៏បានកោតសរសើរពីការរៀបចំ ទទួលភ្ញៀវទេសចរ និងការសម្អាតអនាម័យនៅរមណីយដ្ឋានដូងទេរ និងឧទ្យានដងព្រែកផងដែរ ។
    លោកបានណែនាំបន្ថែមឱ្យម្ចាស់ និងអ្នកមើលការនៅតាមរមណីយដ្ឋានទាំងនោះ ត្រូវពង្រឹងការយកចិត្តទុកដាក់លើបញ្ហាអនាម័យចំណីអាហារ បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ និងត្រូវពង្រឹងគុណភាពសេវាកម្ម ពិសេសសូមកុំដំឡើងថ្លៃសេវាកម្មហួសហេតុពេក នៅពេលពិធីបុណ្យសមុទ្រមកដល់ ។

    ក្រៅពីនេះ លោកបានពិនិត្យឃើញបញ្ហាដក់ទឹកថ្លុក និងបញ្ហាអនាម័យមួយចំនួនទៀត ប៉ុន្តែក៏មិនមែនចោទជាបញ្ហាខ្លាំងពេកដែរ ខណៈផ្លូវធ្វើដំណើរចូលទៅកាន់រមណីយដ្ឋានទាំងនោះ គឺអាចធ្វើដំណើរទៅបានដោយងាយស្រួល ពិសេសនៅកន្លែងកម្សាន្តទាំងនោះ គឺពិតជាមានទេសភាពយ៉ាងស្រស់បំព្រង ទឹកធ្លាក់ស្អាតត្រជាក់ស្រួល ដែលជាទីរមណីយសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា ។
    ជាលក្ខណៈពិសេសមួយផងដែរ សម្រាប់រមណីយដ្ឋានទេសចរណ៍ទាំងបួនសំខាន់ៗខាងលើនេះ ដោយវាស្ថិតនៅបន្តបន្ទាប់គ្នាតាមផ្លូវតែមួយ ដែលអាចឱ្យភ្ញៀវទេសចរធ្វើដំណើរទៅលេងកម្សាន្តបានសព្វ ហើយក៏ស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ ។
    សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ (ជុំទី២) នៅខេត្តកំពតនោះ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២០-២២ ខែធ្នូខាងមុខ ដូច្នេះហើយបានជាលោករដ្ឋមន្ត្រី ថោង ខុន មានការជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរទេសចរណ៍ខេត្តកំពត ក៏ដូចជាម្ចាស់រមណីយដ្ឋាននីមួយៗ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ មុនព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះឈានចូលមកដល់ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី