
Steven Gerrard បានបង្ហើបឲ្យដឹងថា កិច្ចពិភាក្សាជាមួយ Rangers កំពុងដំណើរការទៅយ៉ាងរលូន ខណៈមានរបាយការណ៍មួយចំនួនបង្ហាញថា ពួកគេបានយល់ព្រមចុះកុងត្រារយៈពេល ៣ ឆ្នាំ រួចហើយទៀតផង។
អតីតប្រធានក្រុម Liverpool រូបនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលមួយសម្រាប់ក្រុម Premier League នៅស្កុតឡេន បើទោះបីជាខ្លួនមានបទពិសោធន៍ដឹកនាំត្រឹមតែមួយរដូវកាលក៏ដោយ។ អតីតខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះបានដឹកនាំក្រុម U18 របស់ Liverpool មួយរយៈមកហើយ ប៉ុន្តែឥឡូវនេះមានដំណឹងលេចឮថា Gerrard នឹងទៅជំនួសតំណែងគ្រូបង្វឹករបស់ Rangers លោក Graeme Murty ដែលត្រូវចាកចេញ។
ថ្លែងទៅកាន់ទូរទស្សន៍ BT Sport Gerrard បាននិយាយថា៖ “ខ្ញុំបានធ្វើការពិភាក្សាជំហានដំបូងរួចហើយ ហើយខ្ញុំមានគ្រោងនឹងបន្តកិច្ចពិភាក្សានេះទៀតក្នុងរយៈពេលពីរបីថ្ងៃទៀត ។ ខ្ញុំរវល់បន្តិចនៅប៉ុន្មានថ្ងៃនេះ ហើយខ្ញុំនឹងបន្តពិភាក្សាជាមួយពួកគេទៀតនៅថ្ងៃព្រហស្បតិ៍ ហើយយើងនឹងបានដឹងនូវការវិវឌ្ឍន៍បន្ទាប់”។
Murty បានចូលកាន់តំណែងជាគ្រូបង្វឹករបស់ Rangers ជាបណ្តោះអាសន្នជំនួសអតីតគ្រូបង្វឹក Pedro Caixinha កាលពីខែតុលានេះ ប៉ុន្តែគាត់ត្រូវបានគេបណ្តេញចេញពីតំណែងវិញនៅសប្តាហ៍នេះ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមកាសែត Daily Star បានឲ្យដឹងថា Gerrard ត្រូវបានគេផ្តល់កុងត្រារយៈពេល ៣ ឆ្នាំសម្រាប់ដឹកនាំ ហើយគាត់បានយល់ព្រមទទួលតំណែងនេះរួចទៅហើយ ៕
ដោយ៖តារា