
ថ្លែងទៅកាន់ John Duerden គ្រូបង្វឹករបស់ក្រុម Pahang លោក Dollah Salleh ចង់បានភាពល្អប្រសើរច្រើនជាងនេះពីកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ដោយលោកមើលឃើញថាការចាប់ផ្តើមរបស់វឌ្ឍនាការមិនសូវជាបានល្អគ្រប់គ្រាន់សម្រាប់ក្រុមនៅឡើយទេ។
តារាបាល់ទាត់កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានគ្រូបង្វឹកនៃក្លឹបថ្មីរបស់ខ្លួនក្នុងក្របខ័ណ្ឌលីគកំពូលម៉ាឡេស៊ីធ្វើការព្រមានថា គាត់ត្រូវតែបង្កើនទម្រង់លេងឲ្យបានល្អជាងនេះ។
ខ្សែប្រយុទ្ធរូបនេះត្រូវបានមើលឃើញថាជាខ្សែប្រយុទ្ធដែលមានទេពកោសល្យ និងអនាគតភ្លឺស្វាងក្នងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែគ្រូបង្វឹករបស់ក្រុម Pahang លោក Dollah Salleh បានប្រាប់សារព័ត៌មាន FOX Sports Asia ថាគាត់មិនទាន់មានចំណាប់អារម្មណ៍លើសមត្ថភាពរបស់កីឡាករដែលទើបចុះកុងត្រានេះនៅឡើយទេ។
Pahang ជាក្រុមមួយដែលគេជឿថានឹងអាចឈានដល់វគ្គដណ្តើមជើងឯកសម្រាប់រដូវកាល ២០១៨ ប៉ុន្តែឥឡូវនេះទើបរកបានតែ១ពិន្ទុប៉ុណ្ណោះសម្រាប់ការប្រកួតពីរលើកដំបូង។ គេឃើញមានវត្តមាន CV11 ក្នុងការប្រកួតទាំងពីរលើក ប៉ុន្តែសុទ្ធតែមិនសមនឹងចិត្តលោក Dollah ទាំងអស់។
លោក Dollah បានប្រាប់ FOX Sports Asia ថា «គាត់ជាកីឡាករល្អ ឬក៏អាចថាធ្លាប់ជាកីឡាករល្អ»។ «បើមើលតាមការប្រកួតទាំងពីរលើកកន្លងមកសម្រាប់រដូវកាលនេះ គាត់មិនទាន់បង្ហាញទម្រង់លេងបានល្អដល់កម្រិតមួយដែលអាចទទួលយកបាននៅឡើយទេ។»
ប្រកួតបើកឆាករបស់ Pahang គឺស្មើ ០-០ ជាមួយ Perak TBG ក្រោយមកក្នុងពាក់កណ្តាលសប្តាហ៍ក្រុមនេះចាញ់ PKNS FC ក្នុងលទ្ធផល ១-០។ សម្ពាធកាន់តែធ្ងន់នឹងធ្លាក់លើក្រុមនេះព្រោះពួកគេត្រូវប៉ះជាមួយ Kelantan នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ Kalantan គឺធ្លាប់ជាក្រុមយក្សមួយនៅលីគកំពូលម៉ាឡេស៊ីដែលកំពុងត្រេកត្រអាលក្នុងការដណ្តើមយកជើងឯកជាលើកដំបូងក្នុងយុទ្ធនាការថ្មីនេះ។
គ្រូបង្វឹកបានបន្ថែមថា «ខ្ញុំសង្ឃឹមថាគាត់អាចបង្កើនទម្រង់លេងបានល្អសម្រាប់ប្រកួតបន្ទាប់»។ «ខ្ញុំដឹងថាគាត់គឺជាកីឡាករល្អ។ ខ្ញុំដឹងថាគាត់មានគុណភាពល្អដូចដែលខ្ញុំធ្លាប់ឃើញគាត់លេងពីមុន។ គាត់ធ្លាប់ជាកីឡាករដែលខ្លាំងតែខ្ញុំមិនដឹងថាមានអ្វីកើតឡើងនោះទេ។»
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ីរូបនេះបានតាមដានការលេងរបស់កំពូលខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះតាំងពីប្រកួត AFF Suzuki Cup ២០១៦ ព្រមទាំងក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិនៅវៀតណាម។
លោក Dollah បានបន្ថែមថា «ខ្ញុំមិនដឹងថាមានបញ្ហាអ្វីទេឥឡូវនេះ»។ «កាលពីមុន គាត់បញ្ជូនបាល់ប្រយុទ្ធបានល្អៗណាស់ ហើយតែងតែបង្កើតឱកាសពិសេសពេលបាល់នៅនឹងជើងគាត់។
«គាត់មិនមែនជាកីឡាករដែលខ្លាំងបំផុតទេ ប៉ន្តែវាមិនមែនជាបញ្ហាទេព្រោះគាត់អាចអូសបាល់ផុតខ្សែការពារបរទេសដែលខ្លាំងៗបាន។
«ក្នុងការប្រកួតនានាមុនរដូវកាល គាត់លេងបានល្អ ហើយខ្ញុំធ្លាប់ដើរទៅកាន់គាត់រួចនិយាយថា ‘អ្នកឯងលេងបាល្អ’ ប៉ុន្តែខ្ញុំក៏បានបា្រប់គាត់ថា ខ្ញុំដឹងថាគាត់អាចធ្វើបានល្អជាងនេះទៅទៀត។ គាត់បាននិយាយថា “okay, okay” ប៉ុន្តែនៅពេលដែលការប្រកួតផ្លូវការចាប់ផ្តើម ខ្ញុំហាក់មើលមិនឃើញចំណុចល្អច្រើនសោះពីគាត់។»
កាលពីឆ្នាំ ២០១៧ ខ្សែប្រយុទ្ធរូបនេះបានទៅលេងនៅលីគកម្រិត៣នៅជប៉ុន ប៉ុន្តែមិនបានចូលលេងស្ទើរពេញមួយរដូវកាល។
អ្នកជំនាញផ្នែកតាកទិចប្រកួតជនជាតិម៉ាឡេស៊ីបានប្រាប់ថា «វាអាចមកពីបញ្ហាខ្វះទំនុកចិត្ត»។ «វាអាចបណ្តាលមកពីការទុកគាត់មិនឲ្យចូលលេងកាលពីនៅជប៉ុនខណៈដែលទេពកោសល្យ និងគុណភាពរបស់គាត់មានពេញលេញជាស្រេចនៅទេនោះ។ ពេលវេលារបស់គាត់កាលពីឆ្នាំមុនគឺមិនបានជួយគាត់អ្វីសោះ ដូច្នេះនៅពេលនេះគាត់ត្រូវការពេលវេលាដើម្បីអភិវឌ្ឍខ្លួនឡើងវិញ។»
ក្នុងបាល់ទាត់ម៉ាឡេស៊ី កីឡាករដែលទិញចូលត្រូវចូលលេងភ្លាមពេលរដូវកាលបើក ដោយពួកគេពុំមានពេលសម្រាប់លំហែរ ឬត្រៀមខ្លួនច្រើនក្នុងក្លឹបថ្មីទេ។
វាអាចជាកត្តាអវិជ្ជមានមួយសម្រាប់កីឡាករបរទេស ប៉ុន្តែបើយើងយកវាមកធ្វើជាបញ្ហា នោះសម្ពាធកាន់តែធំ និងភាពតានតឹងនឹងធ្លាក់លើគ្រូបង្វឹកជាមិនខាន
លោក Dollah បានព្រមានបន្តថា៖ «នៅពេលដែលយើងចុះកុងត្រាទិញកីឡាករបរទេស ពួកគេត្រូវតែមានគុណភាពល្អជាងកីឡាករក្នុងស្រុក ប៉ុន្តែខ្ញុំមិនទាន់មើលឃើញភាពខុសគ្នាអ្វីទេ។»
«អ្នកគាំទ្ររបស់ Pahang មានការរំពឹងទុកខ្ពស់។ អ្នកគាំទ្រគឺចាំតែសួរខ្ញុំទេអំពីការចុះកុងត្រាជាមួយកីឡាកររូបនេះ។ ពួកគេរំពឹងថាកីឡាករម្នាក់នេះអាចលេងបានល្អ និងអាចធ្វើបានល្អជាងអ្វីដែលគាត់ធ្លាប់ធ្វើពីមុនមក។»
ដោយ៖ តារា
ប្រភព៖ foxsportsasia