ស្ទើរមិនគួរឱ្យជឿថា ក្រុមការពារតំណែងជើងឯក ណាហ្គាវើលដ៍ ដាក់គោលដៅយកចំណាត់ថ្នាក់ទាបបែបនេះសោះ

86920
  • គ្រូបង្គោល មាស ចាន់ណា បានបង្ហើបថា ការបញ្ចប់ត្រឹមចំណាត់ថ្នាក់ចន្លោះលេខ៦ ដល់លេខ៨ គឺជាគោលដៅដែលក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានដាក់នៅដើមរដូវកាល២០១៩ នេះ សម្រាប់ក្របខណ្ឌ Metfone Cambodian League ។

    គ្រូបង្វឹកកាន់ A-License បានចាត់ទុកថា គោលដៅមិនខ្ពស់បែបនេះអាចបង្កជាការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ព្រោះក្រុមលោកជាម្ចាស់ជើងឯករដូវកាល២០១៨ ។ លោកថា ទទួលស្គាល់ដែលមិនអាចការពារតំណែងកំពូលនេះបាន ព្រោះក្លិបបានងាកទៅលើការផ្ដល់ឱកាសដល់យុវជន ។

    លោក មាស ចាន់ណា បង្ហាញថា ៖ “ខ្ញុំនិយាយរឿងមួយប្រហែលជាអ្នកមួយចំនួនភ្ញាក់ផ្អើល ដោយសារខ្ញុំបានដាក់គោលដៅដល់ក្លិបពីចន្លោះលេខ៦ ទៅលេខ៨ អ៊ីចឹងអ្នកទស្សនាប្រាកដជាភ្ញាក់ផ្អើល ហេតុអ្វីក្លិបជើងឯកបែរជាកំណត់គោលដៅដល់លេខ៦ ទៅលេខ៨ វិញ ព្រោះយើងប្រើយុវជនច្រើនមែនទែន ។ ទោះពេលខ្លះយើងដាក់កីឡាករចាស់ច្រើន យើងក៏ព្យាយាមដាក់ម្នាក់ពីរនាក់លើទីលានជាយុវជនដែរ ហើយបើនៅកៅអីបម្រុង គឺភាគច្រើនយុវជនតែម្ដង ” ។

    លោក មាស ចាន់ណា លើកឡើងថា ការព្យាយាមប្រើយុវជនជាបន្តបន្ទាប់ នឹងប្រឈមការលំបាកក្នុងការការពារតំណែងជើងឯក ព្រោះក្រុមផ្សេងៗសុទ្ធតែមានកីឡាករល្អៗ និងពង្រឹងខ្លួនពេញទំហឹងដូចគ្នា តែថា វាក៏ជាឱកាសបណ្ដុះគ្រាប់ពូជ ដើម្បីអនាគតក្លិបដែរ។ ក្លឹប ណាហ្គាវើលដ៍ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដោយឆ្លងកាត់ការប្រកួត ២៤លើកនៅរដូវកាលនេះ ឈ្នះ ១៦ ស្មើរ ៣ និងចាញ់ ៥ ប្រកួត ខណៈក្នុងពានសម្ដេចតេជោ ហ៊ុន សែន ពួកគេបានជ្រុះចេញតាំងពីវគ្គ ១៦ ក្រុមចុងក្រោយមកម្លេះ ៕

    ដោយ៖ តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី