បន្តិចទៀតក្នុងបរិវេណប្រាសាទអង្គរវត្ត នឹងមានដើមឈើរប្រណីតៗដុះខៀវស្រងាត់ផ្ដល់ម្លប់ដល់ភ្ញៀវទេសចរណ៍

117741
  • ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្ត និងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ ។

    លោក មាឃ បូរ៉ា មន្ត្រីនាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារបានកាត់ក្រីមែកឈើតូចធំ និងកាត់ដកហូតប្រភេទដើមឈើឥតប្រយោជន៍មួយចំនួនរួមមាន ដើមពុទ្រា ដើមទឹកដោះ ដើមចេក និងដើមស្វាយជាដើម ។ល។ លោក មាឃ បូរ៉ា ក៏បានសំណូមពរដល់សាធារណជន ទាំងអស់ត្រូវចូលរួមសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដោយត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជាពិសេសត្រូវចូលរួមការពារព្រៃឈើឱ្យបានគង់វង្សទាំងអស់គ្នា ។

    ជាការស្តែងចេញនូវការតាំងចិត្តលើកតម្លៃបរិស្ថានតំបន់រមណីយដ្ឋានអង្គរឲ្យបានកាន់តែប្រសើរ កន្លងមកអាជ្ញាធរជាតិអប្សរាបានរៀបចំសួនច្បារមុខប្រាសាទអង្គរវត្ត ដាំកូនឈើ និងកែលម្អបរិស្ថានជុំវិញប្រាសាទឱ្យមានភាពបៃតង មានអនាម័យ ស័ក្ដិសមជាទីទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ។ ក្នុងស្មារតីនេះ អាជ្ញាធរជាតិអប្សរាមានគោលការណ៍ច្បាស់លាស់ក្នុងការធ្វើយ៉ាងណា ឱ្យរមណីយដ្ឋានបេតិកភណ្ឌអង្គរ ក្លាយជាគោលដៅទេសចរណ៍ដែលគិតគូរពីបរិស្ថានខ្ពស់ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី