
Mario Balotelli បានបង្ហាញពីបំណងរបស់គាត់ដែលចង់វិលត្រឡប់ទៅកាន់ក្របខណ្ឌ Serie A វិញ ដោយបាននិយាយថា នេះអាចជារដូវកាលចុងក្រោយរបស់គាត់នៅបារាំងជាមួយក្លឹប Nice ។
Balotelli បានមកកាន់ក្របខណ្ឌ Ligue 1 ក្រោយចាកចេញពី Liverpool នៅឆ្នាំ ២០១៦ ហើយនឹងត្រូវផុតកុងត្រានៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធរូបនេះបាននិយាយថា គាត់លេងបានល្អខ្លាំងណាស់នៅក្នុងប្រទេសបារាំងនៅរដូវកាលនេះ ប៉ុន្តែគាត់ចង់វិលត្រឡប់ទៅកាន់ទឹកដីកំណើតរបស់គាត់វិញ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតខ្សែប្រយុទ្ធរបស់ Manchester City និង Liverpool ដែលមានវ័យ ២៧ ឆ្នាំរូបនេះបានបដិសេធមិនវិលទៅកាន់ AC Milan ជាលើកទីបីនោះទេ។
Balotelli បានប្រាប់គេហទំព័រ Calciomercato.com ថា៖ “ខ្ញុំចង់ត្រឡប់ទៅអ៊ីតាលីវិញ ។ មានក្រុមជាច្រើនដែលតាមទាក់ទងខ្ញុំ ប៉ុន្តែខ្ញុំអាចនិយាយបានថា Milan មិនមែនជាក្រុមក្នុងចំណោមនោះទេ។ គ្មានឱកាសដែលត្រូវវិលត្រឡប់ទៅ Rossoneri (AC) វិញនោះទេ ។ ទៅទៀត នេះអាចនឹងក្លាយជារដូវកាលចុងក្រោយរបស់ខ្ញុំនៅទីនេះ ទោះបីវារដូវកាលមួយដ៏ពិសេសបំផុតរបស់ខ្ញុំនៅក្នុងប្រទេសបារាំងក៏ដោយ” ៕
ដោយ៖តារា