Qualcomm ជះលុយ ២០០លានដុល្លារ សិក្សាវិធីប្រើប្រាស់ 5G លើឧបករណ៍ផ្សេងៗ ក្រៅពីពពួកឆ្លាតវៃ

22542
  • ក្រុមហ៊ុន Qualcomm Inc ដែលជាក្រុម​ហ៊ុនផលិតបន្ទះឈីបសម្រាប់បំពាក់លើឧបករណ៍ឆ្លាតវៃដ៏ធំមួយនៅលើពិភពលោក បានប្រកាសថា ខ្លួនបានបង្កើតមូលនិធិមួយដែលមានទំហំទឹកប្រាក់ ២០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើក្រុមហ៊ុនថ្មីៗដែលកំពុងព្យាយាមរកវិធីសាស្រ្តក្នុងការប្រើប្រាស់បច្ចេកវិទ្យា 5G នៅលើឧបករណ៍ផ្សេងៗទៀតឲ្យលើសពីប្រភេទពពួកឧបករណ៍ឆ្លាតវៃ ។

    សូមជម្រាបថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Qualcomm ដែលមានប្រភពមកពីទីក្រុង សាន់ឌីអេហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាននឹងកំពុងផ្គត់ផ្គង់បន្ទះឈីបដែលមានសមត្ថភាពដំណើរការប្រព័ន្ធ 5G ដែលជាបណ្តាញទំនាក់ទំនងចល័តជំនាន់ចុងក្រោយដែលទើបតែត្រូវបានបញ្ចេញជាផ្លូវការក្នុងឆ្នាំនេះ ទៅដល់ក្រុមហ៊ុនផលិតឧបករណ៍ឆ្លាតវៃធំៗជាច្រើនដូចជា សាមសុងអេឡិចត្រូនិកខូអិលធីឌី (Samsung Electronics Co Ltd) របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន Huawei របស់ចិនដែលជាក្រុមហ៊ុននាំចេញស្មាតហ្វូនលំដាប់ទី១ និងទី២ លើពិភពលោកជាដើម ។

    ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនបច្ចេកវិទ្យាយក្សខាងលើបានលើកឡើងថា ទីផ្សាររបស់ខ្លួនហាក់មានការថយចុះល្បឿននៃការលូតលាស់ទៅវិញ។ ដោយហេតុខាងលើនេះ ក្រុមហ៊ុន Qualcomm បាននឹងកំពុងសម្លឹងរកមើលការវិនិយោគលើក្រុមហ៊ុនដែលសិក្សាលើការប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងចល័ត 5G នៅក្នុងវិស័យផ្សេងទៀតដូចជាការភ្ជាប់ឧបករណ៍ឧស្សាហកម្ម និងកសិកម្មទៅនឹងប្រព័ន្ធធអ៊ីនធើណេត ឬ ធ្វើឱ្យរថយន្តដែលមានសមត្ថភាពបើកបរដោយខ្លួនឯងអាចធ្វើទំនាក់ទំនងជាមួយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅលើដងផ្លូវដូចជាភ្លើងសញ្ញាចរាចរណ៍និងសញ្ញាចរាចរណ៍នានាជាដើម ។
    នាយកប្រតិបត្តិក្រុមហ៊ុន Qualcomm លោក Steve Mollenkopf (ស្ទីវ ម៉ូឡែនខូប) បានលើកឡើងក្នុងការចុះផ្សាយមួយថា៖ “ប្រព័ន្ធបណ្តាញទំនាក់ទំនងចល័តេ 5G នឹងកែប្រែវិស័យឧស្សាហកម្ម ហើយវាក៏គួរតែត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រអាជីវកម្មសម្រាប់គ្រប់វិស័យផងដែរ ” ។

    គួររំលឹកថា កាលពីឆ្នាំមុនក្រុមហ៊ុន Qualcomm ក៏បានបង្កើតមូលនិធិស្រដៀងគ្នានេះដែរ ដោយកាលនោះក្រុមហ៊ុនខាងលើបានចំណាយទឹកប្រាក់ទំហំ ១០០លានដុល្លារ ដើម្បីចាប់ផ្តើមធ្វើការសិក្សាផ្តោតលើការបង្កើតឧបករណ៍ដូចជាកាមេរ៉ាឆ្លាតវៃដែលសមត្ថភាពអាចដំណើរការមុខងារបញ្ញាសិប្បនិម្មិតដូចជាការសម្គាល់មុខជាដើម។ ក្រោយមក ក្រុមហ៊ុនខាងលើក៏បានបញ្ចេញលក់បន្ទះឈីបដែលមានសមត្ថភាពដូចរៀបរាប់ខាងលើនេះនៅលើទីផ្សារជាផ្លូវការ ។
    គួរក្រឡេកមើលផងដែរថា ក្រុមហ៊ុនដែលជាដៃជើងបណ្តាក់ទុនរបស់ Qualcomm សុទ្ធតែធ្លាប់បានវិនិយោគនៅក្នុងក្រុមហ៊ុនជាច្រើន ដែលក្រោយមកត្រូវបានប្រកាសបើកដំណើរការជាសាធារណៈ ឬ ត្រូវបានទិញយកតែម្តង ដោយក្នុងនោះរួមមានក្រុមហ៊ុនទូរគមនាគមន៍ Zoom Video Communications, ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi Corp និងក្រុមហ៊ុនចាប់ផ្តើមផលិតរថយន្តដែលមានសមត្ថភាពអាចបើកបរដោយស្វ័យប្រវត្តិឈ្មោះ Cruise Automation ជាដើម ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី