ឃាត់ខ្លួន​ជនជាតិ​ថៃ​​ ២​នាក់​ និង​គ្រឿងញៀន​ទម្ងន់​ ២៧​គីឡូក្រាម​ ប្រមុង​ឆ្លង​ដែន​ទៅ​ហ្វី​លី​ពី​ន

52695
  • កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ត្រួតពិនិត្យ​គយ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ បាន​ត្រួតពិនិត្យ​ជនជាតិ​ថៃ​ ២​នាក់​ ក្នុង​ករណី​សង្ស័យ​នាំ​គ្រឿងញៀន​ ឆ្លងកាត់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ រក​ឃើញ​គ្រឿងញៀន​ទម្ងន់​ ២៧,៣០​គីឡូក្រាម​ និង​បាន​ឃាត់​ជនសង្ស័យ​ ២​នាក់ ​។​

    ការ​ឃាត់ខ្លួន​ជនជាតិ​ថៃ​ទាំង​ ២​នាក់​ខាងលើ​នេះ​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ សំ​រិ​ទ្ធ​ សុ​ខុន​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ នា​វេលា​ម៉ោង​ ២២​និង​០៥​នាទី​ ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៩​ ក្នុង​ករណី​សង្ស័យ​នាំ​គ្រឿងញៀន​ ចេញ​ទៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពី​ន​ តាម​ជើងហោះហើរ​លេខ​ 5J-258​ (REP-MNL)​ នៅ​ចំណុច​ស្ថាន​នី​យ៍​ចេញដំណើរ​អន្តរជាតិ​ ដោយ​រក​ឃើញ​ ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ រុំ​ដោយ​ថង់​ប្លា​ស្ទីក​ ខ្ចប់​ក្រដាស​អា​លុ​មី​ញ៉ូ​ម​ចំនួន​ ២៧​ដុំ​ ទម្ងន់​សរុប​ ២៨,៣០​គីឡូក្រាម​ (​ទម្ងន់​គ្រឿងញៀន​សុទ្ធ​ ២៧,៣០​គីឡូក្រាម​) ​។​

    តាម​របាយការណ៍​របស់​នគរបាល​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​ថៃ​ទាំង​ ២​នាក់​នេះ​រួម​មាន​ ៖​
    ទី​១-ឈ្មោះ​ SAVAENGPHOL​ SUPHAPORN​ ភេទ​ស្រី​ អាយុ​ ៣៧​ឆ្នាំ​ បាន​ផ្ទុក​គ្រឿងញៀន​ចំនួន​ ១២​ដុំ​ ទម្ងន់​ ១២,៥​គីឡូក្រាម​ (​ថ្លឹង​ទម្ងន់​គ្រឿងញៀន​សុទ្ធ​ ១២,២០​គីឡូក្រាម​)​
    ​ទី​២-ឈ្មោះ​ PRACHAMON​ WIPA​ ភេទ​ស្រី​ អាយុ​ ៣០​ឆ្នាំ​ បាន​ផ្ទុក​គ្រឿងញៀន​ចំនួន​ ១៥​ដុំ​ ទម្ងន់ ​១៥,៨​គីឡូក្រាម​ (​ថ្លឹង​ទម្ងន់​គ្រឿងញៀន​សុទ្ធ​ ១៥,១០​គីឡូក្រាម​)​ បន្ទាប់​ពី​មន្ត្រី​ជំនាញ​ នៃ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​ធ្វើ​តេស​បញ្ជាក់​ថា​ ក្រាម​ពណ៌​ស​ខាងលើ​ ជា​ប្រភេទ​គ្រឿងញៀន​ មេ​តំ​ហ្វេ​តា​មីន ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ២​នាក់​ រួម​ទាំង​វត្ថុ​តាង​គ្រឿងញៀន​ទម្ងន់​ ២៧,៣០​គីឡូក្រាម​ ត្រូវ​បាន​ដកហូត​ និង​ឃាត់ខ្លួន​ប្រគល់​ជូន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ដើម្បី​បន្ត​នីតិវិធី​ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី