រាជរដ្ឋាភិបាល សម្រេចមិនយកប្រាក់ភាគលាភពីឆ្នាំ២០២០-២០២៥ លើអាជីវកម្មអគ្គីសនី ដើម្បីឱ្យជនបទមានភ្លើងប្រើប្រាស់

61390
  • សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា មា​​ន​ប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ រួចហើយ ​ដោ​​​យបន្តមិនយកភាគលាភចេញពីប្រាក់ចំណេញពីការធ្វើអាជីវកម្មរបស់ អគ្គិសនី កម្ពុជាពីឆ្នាំ​២​​០​​​២០ ដល់ឆ្នាំ២០២៥ ដោយរក្សាទុកថវិកានេះជាការវិនិយោគបន្ថែមរបស់រដ្ឋ ជួយពង្រីកប​ណ្ដា​ញ​​អគ្គិសនីទៅតំបន់ជនបទ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋមិនទាន់ មានអគ្គិសនីផ្ទាល់ពីប​ណ្ដា​​ញជាតិ ។

    ក្នុងពេលបើកសម័យប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ១​២​​រោច ខែ​អ​ស្សុ​ជ ​ឆ្នាំ​​​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅវិ​មា​ន​ស​​ន្តិភាព សម្ដេចតេជោមានប្រសាសន៍ថា ដោយការកែទម្រង់ស៊ីជម្រៅក្នុងវិស័យថាមពល ក្នុង​រ​យៈ​​ពេ​ល​​១០ឆ្នាំចុងក្រោយនេះ ភូមិចំនួន៩២ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេសចំនួន១៤.១៦​៨ ភូមិ ក្នុង​ព្រះរាជាណាចក្រកម្ពុជា បានទទួលអគ្គិសនីដែលមានថ្លៃ​សមរម្យពីបណ្ដាញ​ជាតិរួច​ហើ​យ​។​ ដើម្បីជំរុញឱ្យគ្រប់ភូមិទាំងអស់នៅក្នុងប្រទេសមានថ្លៃអគ្គិសនីដូចគ្នា ខ្ញុំបានសម្រេច​កា​ល​ពី​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ២០១៩ ហើយរាជរដ្ឋាភិបាល​បន្តមិនយកភាគលាភចេ​ញពី​ប្រាក់​ចំ​ណេ​ញ ពី​ការធ្វើអាជីវកម្មរបស់អគ្គសនីកម្ពុជា ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយរក្សាទុក​ថវិ​កា​នេះ​ជាការ​វិនិ​យោគបន្ថែមរបស់រដ្ឋ ជួយពង្រីកបណ្ដាញអគ្គិសនីទៅតំបន់ជនបទ ជាពិសេ​ស​តំ​ប​ន់ដែ​ល​ប្រ​ជាពលរដ្ឋមិនទាន់មានអគ្គិសនីផ្ទាល់ពីបណ្ដាញជាតិ។ ការសម្រេចបែបនេះ ក៏ដោ​យ​​សារ​ការ​​មិនកាត់យកភាគលាភពី៥ឆ្នាំកន្លងទៅ បានជួយប​ង្កើ​តទុនវិនិយោគឱ្យអគ្គិសនី​កម្ពុ​ជា​ មាន​ល​ទ្ធភាពពង្រីកបណ្ដាញអគ្គិសនីទៅប្រជាជនតំបន់ជ​ន​​បទ ប្រកបដោយផ្លែផ្កាគួរ​ជាទី​មោ​ទនៈ ​។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា យើងបានយកអគ្គិសនីដើម្បីពង្រីកអគ្គិសនី ក្នុង​រយៈ​ពេលកន្លងទៅ ដោយយើងមិនបានយកប្រាក់ចំណេញ របស់អគ្គិសនីនេះ យក​ទៅ​ដើ​ម្បី​បង់​ចូលថវិកាជាតិទេ ប៉ុន្តែពន្ធអ្វីផ្សេងៗមានការបង់។ ប៉ុន្តែប្រាក់ចំណេញ ដែលបានបង់នេះ​យើង​បានវិនិយោគមកដល់ពេលនេះគឺ៩២ភាគរយ នៃចំនួនភូមិហើយ ដែលអគ្គិសនីរបស់រដ្ឋ​បា​នទៅដល់។ ដូច្នេះ ខ្ញុំគិតថា៥ឆ្នាំទៀត អនុញ្ញាតឱ្យយកប្រាក់ ដែលត្រូវបង់ឱ្យរដ្ឋ យក​ប្រា​ក់​នោះ​ទៅវិនិយោគបណ្តាញអគ្គិសនី ជូនភ្ជាប់ទៅតាមបណ្តាភូមិដើម្បីឱ្យទូទាំងប្រទេសរបស់​យើ​ង មានប្រព័ន្ធអគ្គិសនី ដែលប្រើដោយស្មើតម្លៃប្រហាក់ប្រហែលគ្នា ព្រោះសព្វថ្ងៃនេះ នៅ​ស​ល់​៨ភាគរយទៀត ដែលអគ្គិសនីរបស់រដ្ឋមិនទាន់ទៅដល់ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី