កុំច្រឡំ!! Messi ថា នឹងមិនប្តូរពានរង្វាន់ជាមួយ Barcelona សម្រាប់ការឈ្នះ World Cup ឡើយ

24467
  • ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុមអ្នកមានបុណ្យ FC Barcelona បានទទូចថា រូបគេនឹងមិនផ្លាស់ប្តូរពានរង្វាន់ណាមួយដែលរូបគេបានឈ្នះជាមួយ Barcelona ដើម្បីលើកពាន FIFA World Cup ជាមួយអាហ្សង់ទីននោះឡើយ ។

    ជោគជ័យជាមួយជម្រើសជាតិអាហ្សង់ទីននៅកម្រិតអន្តរជាតិ គឺទាន់មានទេសម្រាប់ Messi ។ បើទោះបីជាគាត់ជាអ្នករកគ្រាប់បាល់ច្រើនជាងគេគ្រប់ពេលវេលារបស់ប្រទេសគាត់ក៏ដោយ ក៏ប៉ុន្តែគាត់មិនទាន់បានឈ្នះពានរង្វាន់ណាមួយជាមួយក្រុមជម្រើសជាតិឈុតធំជាលក្ខណៈអន្តរជាតិនៅឡើយនោះទេ ខណះកាលនៅជាយុវជនគាត់ធ្លាប់លើកពានរង្វាន់ U20 World Cup កាលពីឆ្នាំ ២០០៥ និងមេដាយមាសនៅអូឡាំពិករដូវក្តៅឆ្នាំ ២០០៨ ។

    Messi ខិតជិតនឹងឈ្នះពានរង្វាន់អន្តរជាតិជាមួយអាហ្សង់ទីនទៅហើយ ប៉ុន្តែគាត់បែជាភ្លាត់បរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Copa America ២ដងជាប់ៗគ្នា ជាពិសេសការបាត់បង់ឱកាសលើកពានរង្វាន់ FIFA World Cup ឆ្នាំ ២០១៤ ដោយបរាជ័យក្រោមថ្វីជើងអាល្លឺម៉ង់ នៅវគ្គផ្ដាច់ព្រ័ត្រទៅវិញ ។ នោះគឺផ្ទុយស្រឡះពីជោគជ័យរបស់គាត់នៅក្នុងក្លឹប ដោយខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះឈ្នះពានរង្វាន់រាប់មិនអស់នៅទឹកដី Camp Nou ។ Messi បានឈ្នះពានរង្វាន់ជាមួយក្លិបសរុបចំនួន ៣៤ ពានរង្វាន់ជាមួយ Barcelona ដោយរួមមានពានរង្វាន់ក្របខណ្ឌ La Liga ១០ ដង និង UEFA Champions League ៤ ដង ។

    នៅពេលត្រូវបានគេសួរថា តើគាត់នឹងផ្លាស់ប្តូរអ្វីសម្រាប់ពានរង្វាន់ World Cup ជាមួយអាហ្សង់ទីន នោះ Messi បានទទូចថាគាត់នឹងមិនផ្លាស់ប្តូរអ្វីនោះទេ ។ Messi បានប្រាប់ TyC Sports ថា៖ “ ខ្ញុំពិតជាចង់ក្លាយជាម្ចាស់ជើងឯកពិភពលោក ។ ប៉ុន្តែខ្ញុំមិនគិតថាខ្ញុំនឹងផ្លាស់ប្តូរអ្វីផ្សេងទៀតក្នុងអាជីពរបស់ខ្ញុំដើម្បីក្លាយជាមនុស្សម្នាក់នោះទេ ។ នេះជាអ្វីដែលខ្ញុំបានផ្តល់ ហើយនោះជាអ្វីដែលព្រះបានប្រទានដល់ខ្ញុំ ។ ខ្ញុំមិនអាចសុបិន្តនូវអ្វីគ្រប់យ៉ាងដែលខ្ញុំបានជួបប្រទះនោះទេ ។ វាធំជាងអ្វីដែលខ្ញុំនឹកស្មានទៅទៀត ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី