ម្ហូបអាហារជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណការរស់នៅក្នុងតំបន់ទៅទេសចរជាតិ និងអន្ដរជាតិ

77485
 • លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា ម្ហូបអាហារជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណការរស់នៅក្នុងតំបន់ទៅទេសចរជាតិ និងអន្ដរជាតិ ។ ដោយម្ហូបអាហារជាផលិផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ និងជាចំណែកទីផ្សារទេសចរណ៍ ។
  ការលើកឡើងបែបនេះ របស់លោក ប៉ាក់ សុខុម ធ្វើឡើងពិព័រណ៍ «Wonderful28-Lifestyle, Wine and Dine Expo 2019»។ Wonderful28-Lifestyle, Wine and Dine Expo 2019 ជាវេទិកាអន្ដរជាតិដ៏ធំមួយ ក្នុងការដាក់បង្ហាញ និងផ្សព្វផ្សាយផលិតផល ស្រា និងម្ហូបអាហារទូទាំងប្រទេសកម្ពុជា និងពិភពលោក ។

  លោក ប៉ាក់ សុខុម បានថ្លែងឲ្យដឹងថា៖ “កម្ពុជាមានសក្ដានុពលដ៏សម្បូរបែប នៃសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌរូបិយ និងអរូបិយដែលមិនទាន់បានរៀបចំ និងផ្សព្វផ្សាយទូលំទូលាយខ្លាំង ដល់ពិភពលោកដូចជា ម្ហូបអាហារជាដើម ។ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា វិស័យទេសចរណ៍ និងម្ហូបអាហារមានទំនាក់ទំនង ជាសារវ័ន្ដយ៉ាងតិចលើវិសាលភាពចំនួន ២រួមមាន ម្ហូបអាហារជាផលិតផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ និងម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍” ។
  លោកបញ្ជាក់ថា ក្នុងសមាសភាពជាសេវាកម្មទេសចរណ៍ ម្ហូបអាហារបានចូលរួមដល់ការបង្កើតភាពចង់ចាំ ដល់ទេសចរពីគោលដៅដែលបានទស្សនា ក្នុងនោះមានន័យថា ម្ហូបអាហារជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណ ការរស់នៅក្នុងតំបន់ ទៅទេសចរណ៍ជាតិ និងអន្ដរជាតិ ។
  លោកបន្ដថា ទន្ទឹមនឹងកំណើនដ៏ខ្ពស់នៃ វិស័យទេសចណ៍ពិភពលោក អង្គការទេសចរណ៍ពិភពលោក បានយកចិត្តទុកដាក់កាន់តែខ្លាំង លើការចូលរួមទ្រទ្រង់ការសម្រេច ឲ្យបាននូវគោលដៅអភិវឌ្ឍន៍ ផលិតផលទេសចរណ៍ថ្មីៗ និងលើកកម្ពស់ឲ្យមានទេសចរណ៍ម្ហូបអាហារ ជាម្ហូបអាហារប្រពៃណី ដ៏សំបូរបែបនៅក្នុងតំបន់ ដើម្បីទាក់ទាញកំណើនទេសចរជាតិ និងអន្ដរជាតិ និងទទួលបានសេវាហូបចុក និងស្នាក់នៅក្នុងរយៈពេលកាន់តែយូរ ។
  លោកឲ្យដឹងថា វិស័យទេសចណ៍បានចូលរួមចំណែកលើកកម្ពស់ ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិរបស់ប្រទេស ចូលរួមកាត់បន្ថយការកើនឡើងនៃកំដៅផែនដី ចូលរួមគាំទ្រការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព។ វិស័យទេសចរណ៍ជាកាតាលីករមួយដ៏សំខាន់ ក្នុងការជំរុញសន្ដិភាព សាកលភារូនីយកម្ម សមាហរណកម្មតំបន់ និងផ្សាយភ្ជាប់គ្នារវាងប្រជាជាតិ និងប្រជាជនបានយ៉ាងមានប្រសិទ្ធិភាពផងដែរ ។

  លោកបញ្ជាក់ថា ទាំងនេះបង្ហាញឲ្យឃើញ តាមរយៈកំណើននៃទេសចរអន្ដរជាតិ ចេញដំណើរកម្សាន្ដ ក្នុងពិភពលោកទាំងមូលឆ្នាំ២០១៨ រហូតដល់ ១,៤០០លាននាក់ ក្នុងអត្រាកំណើន ៦% ចូលរួមបង្កើតការងាររហូតដល់ ១០% នៃការងារសរុបបង្កើតចំណូលសរុបបាន ១.៧ទ្រីលានដុល្លារអាមេរិក ស្មើនឹង ១០% នៃផលិផលសរុបក្នុងស្រុករបស់ពិភពលោក ។
  លោកឲ្យដឹងថា ឆ្នាំ២០១៩ វិស័យទេសចរណ៍ពិភពលោករំពឹងថា នឹងបន្ដកើនឡើងទៀត ក្នុងអត្រា ៤% ហើយរំពឹងថា នឹងទទួលបានទេសចរអន្ដរជាតិ ១,៦០០លាននាក់ នៅឆ្នាំ២០២០ និង ១,៨០០លាននាក់នៅឆ្នាំ២០៣០ ។ ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួមចំណែកក្នុងកំណើន សេដ្ឋកិច្ចខាងលើគួរឲ្យសំគាល់ ហើយក្នុងនោះឆ្នាំ២០១៨កន្លងមក ជាមួយនឹងការមកដល់នៃ ទេសចរអន្ដរជាតិប្រមាណ ៦.២លាននាក់ ក្នុងអត្រាកំណើន ១០.៧% វិស័យទេសចរណ៍ បានបង្កើនចំណូលចូលសេដ្ឋកិច្ចប្រមាណ ៤.៣៦៥លានដុល្លារ ស្មើនឹង ១២.៧%នៃផលិតផលក្នុងស្រុកសរុប និងបានបង្កើតការងារដោយផ្ទាល់ ៦២ម៉ឺននាក់ ស្មើ ១៣%នៃការងារសរុប ៕

  ដោយ៖ ស្រស់

 • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
 • អត្ថបទថ្មី