
អ្នកចាំទីរបស់ហ្វីលីពីន Neil Etheridge ត្រូវបានគេកំណត់ជាប្រវត្តិសាស្ត្រដែលជាកីឡាករអាស៊ីអាគ្នេយ៍ដំបូងគេបង្អស់ដែលបានលេងនៅលីគកំពូលអង់គ្លេសក្នុងក្របខ័ណ្ឌ Premier League ក្រោយពីក្លឹបរបស់គាត់ទទួលបានកៅអីឡើងមកលីគកំពូល ។
ក្រុម Cardiff City របស់ Etheridge បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងតារាងក្របខ័ណ្ឌ Championship បន្ទាប់ពីស្មើ ០-០ ទល់នឹងក្រុម Reading ដោយមាន ៩ ពិន្ទុ នៅពីក្រុមក្រុមម្ចាស់ជើងឯក Wolverhampton Wanderers ដូច្នេះពួកគេទទួលបានកៅអីដោយស្វ័យប្រវត្តិសម្រាប់ការប្រកួត English Premier League នៅរដូវកាលក្រោយ។
អតីតយុវជនរបស់សាលាបាល់ទាត់តោខៀវ Chelsea អ្នកចាំទី Etheridge បានចំណាយពេល ៦ រដូវកាលជាមួយនឹងក្រុម Fulham ប៉ុន្តែមិនបានជោគជ័យក្នុងការលេងឱ្យក្លឹបនៅទីក្រុងឡុងដ៍មួយនេះ។ គាត់បានផ្លាស់ទៅលេងនៅក្លឹប Oldham Athletic ក្នុងឆ្នាំ ២០១៤ មុនពេលគាត់ចូលរួមជាមួយក្លឹប Charlton Athletic នៅឆ្នាំបន្ទាប់។
អ្នកចាំទីអាស៊ានវ័យ ២៨ ឆ្នាំរូបនេះ ក្រោយបានចូលរួមជាមួយ Walsall ជាកន្លែងដែលគាត់នឹងបង្ហាញខ្លួន ៩៣ ប្រកួត ទើបផ្លាស់មកចូលរួមជាមួយក្លឹប Cardiff City កាលពីឆ្នាំមុន ៕
ដោយ៖តារា