
កីឡាករ Marouane Fellaini បានបង្ហើបឱ្យដឹងថាលោកនឹងបន្តអាជីពរបស់លោកនៅប្រទេសចិនយ៉ាងរីករាយប្រសិនបើក្លិប Manchester United មិនផ្តល់កិច្ចសន្យាថ្មីឱ្យគាត់។
Fellaini ដែលបានផ្ទេរទៅកាន់ទឹកដី Old Trafford ពីក្រុម Everton ក្នុងតម្លៃខ្លួន ២៧,៥ លានផោនក្នុងឆ្នាំ ២០១៣ អាចនឹងត្រូវផ្លាស់ប្តូរនៅរដូវក្តៅនេះនៅពេលកិច្ចសន្យារបស់គាត់ជាមួយក្លឹបបានផុតកំណត់។ នៅក្នុងបទសម្ភាសន៍ជាមួយ The Sun កីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះបានរិះគន់យ៉ាងខ្លាំងទៅលើក្លឹប Man United របស់ខ្លួនចំពោះការស្ទាក់ស្ទើរក្នុងការផ្តល់ឱ្យគាត់នូវកិច្ចព្រមព្រៀងថ្មីមួយ។
Fellaini បាននិយាយថា៖ “ខ្ញុំបាននិយាយជាមួយអ្នកចាត់ការទូទៅកាលពីឆ្នាំមុន ហើយបាននិយាយថាខ្ញុំចង់បានកិច្ចសន្យាថ្មី។ ចាប់តាំងពីពេលនោះមកខ្ញុំបានក្លាយជាកីឡាករដ៏សំខាន់សម្រាប់ក្រុមហើយវាត្រូវចំណាយអស់ ៥០ លានផោនដើម្បីទិញកីឡាករថ្មីដ៏ល្អម្នាក់។ដូច្នេះក្លិបបានដឹងថាពួកគេបានធ្វើកំហុសមួយជាមួយខ្ញុំ”។
“ឥឡូវនេះខ្ញុំមានអាយុ ៣០ ឆ្នាំ នៅចុងបញ្ចប់នៃកិច្ចសន្យារបស់ខ្ញុំនិងនៅក្នុងកិច្ចចរចាជាមួយក្លឹប។ ក្លឹបជាច្រើនទៀតបានបង្ហាញចំណាប់អារម្មណ៍មកលើខ្ញុំ ហើយខ្ញុំនឹងរង់ចាំមើលថាមានអ្វីកើតឡើង។ ខ្ញុំនឹងមិនមានបញ្ហាជាមួយការរស់នៅក្នុងប្រទេសចិនទេ។ ខ្ញុំចូលចិត្តរកកន្លែងថ្មីៗនិងវប្បធម៌ថ្មីហើយខ្ញុំនឹងមិនទៅម្នាក់ឯងទេ គ្រួសាររបស់ខ្ញុំនឹងទៅជាមួយខ្ញុំ “៕
ដោយ៖តារា