
ថ្មីៗក្លឹបភ្នំពេញក្រោនបាននាំយកអ្នកចាំទីកូនកាត់ ខ្មែរ-បាំង ដើម្បីប្រជែងជើងឯកលីគកំពូលកម្ពុជា ។ ហើយប៉ុន្មានម៉ោងមុននេះបន្តិចតាម ផេកផ្លុវការណ៍របស់ក្លឹបភ្នំពេញក្រោន បានប្រកាសកីឡាករចំណូលថ្មីមានតួនាទី ខ្សែ បម្រើ-ប្រយុទ្ធ កីឡាករ Tsotleho JANE ដែលមានឈ្មោះក្រៅថា Sunny ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះមានសញ្ជាតិ ឡេសូតូ (ប្រទេសមួយដែលស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង) និងបានចាប់កំណើតនៅរាជធានី Maseru តែម្តង ។
ខ្សែបម្រើប្រយុទ្ធរូបនេះ បានចាប់ផ្តើមចូលហ្វាត់កីឡាបាល់ទាត់ក្នុងអាយុ ៤ឆ្នាំ បន្ទាប់មកបានចូលលេងនៅក្លឹប Ranger FC (ពីឆ្នាំ១៩៩៥-១៩៩៨) រួចបានប្តូរទៅលេងនៅក្លឹប Emmanuel FC ពីឆ្នាំ១៩៩៨-២០០៣ ។ សូមបញ្ជាក់ថា កីឡាករ Sunny បានផ្លាស់ទៅរស់នៅទីក្រុង Louisville Kentucky របស់សហរដ្ឋអាមេរិគវិញក្នុងឆ្នាំ២០០៤ ហើយនៅលើទឹកដីនៃមហាអំណាចមួយនេះ រូបគេបានចូលរួមលេងឱ្យក្រុមប្រចាំមហាវិទ្យាល័យ Maryland Terrapin ពីឆ្នាំ២០១០-២០១៣ ក៏ដូចជាក្លឹប United FC ក្នុងឆ្នាំ២០១៣ ទើបប្តូរទៅលេងនៅលីគទី២ អាមេរិគ ជាមួយក្លឹប Wilmington Hammerheads ពីឆ្នាំ២០១៤-២០១៥ ព្រមទាំងក្លឹប Richmond Kickers (នៅលីគទី២អាមេរិគ) ក្នុងឆ្នាំ២០១៦ កន្លងមក ។ ជាងនេះទៅទៀត កីឡាកររូបនេះក៏បានជាប់ជាជម្រើសជាតិនៃប្រទេសឡេសូតូ តាំងតែពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្នថែមទៀតផង ។
ដោយ៖ តារា
រូបភាព៖ Phnom Penh Crown FC