កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក-ចិន ទំនងជារៀបចំមិនទាន់សម្រាប់ចុះហត្ថលេខានៅខែក្រោយនោះទេ

90768
  • យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ (Reuter) ដែលបានដកស្រង់សម្តីមន្ត្រីអាមេរិកមួយរូបដែលបានលើកឡើងកាលពីថ្ងៃអង្គារ៍ (ទី២៩ តុលា) ម្សិលមិញនេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិកនិងចិន ប្រហែលជាមិនអាចរៀបចំរួចរាល់ទាន់ពេលវេលាសម្រាប់ការចុះហត្ថលេខានៅប្រទេសឈីលីនៅខែក្រោយនេះដូចការរំពឹងទុកនោះទេ។ ជាមួយគ្នានេះ មន្រ្តីរូបនោះក៏បានបញ្ជាក់ផងដែរថា ទោះជាយ៉ាងណាក្តី នេះមិនមែនមានន័យថាកិច្ចព្រមព្រៀងនេះត្រូវទទួលបរាជ័យនោះទេ ។

    គួរឱ្យដឹងថា មកទល់ពេលនេះ ក្រុមអ្នកចរចាមកពីភាគីអាមេរិក និងចិនបាននឹងកំពុងធ្វើការដើម្បីសម្រេចខ្លឹមសារនៃកិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងឪកាសនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Economic Cooperation) ក្នុងប្រទេសឈីលី នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកាខាងមុខនេះ ។

    មន្រ្តីអាមេរិកខាងលើបានលើកឡើងថា៖ “ ប្រសិនបើកិច្ចព្រមព្រៀងនេះមិនត្រូវបានចុះហត្ថលេខានៅក្នុងប្រទេសឈីលីនៅខែក្រោយនេះនោះទេ នោះមិនមែនមានន័យថា វាត្រូវទទួលបរាជ័យនោះទេ គ្រាន់តែវាមិនអាចត្រូវបានរៀបចំរួចរាល់ទាន់ពេល ។ គោលដៅរបស់យើង គឺត្រូវធ្វើពិធីចុះហត្ថលេខនៅប្រទេសឈីលី ។ ប៉ុន្តែកិច្ចព្រមព្រៀងមិនអាចរៀបចំរូចរាល់ទាន់ពេល ។ ប៉ុន្តែដំណើរការកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយយើងរំពឹងថា នឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងប្រទេសឈីលីដូចការគ្រោងទុក ” ។

    គួរជម្រាបថា មេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ ព្រមជាមួយរដ្ឋលេខាធិការក្រសួងរតនាគារលោក ស្ទេវេន មនូឈិន (Steven Mnuchin) និងមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដទៃទៀត សុទ្ធតែបានលើកឡើងថា ដំណើរការដ៏រលូនបាននឹងកំពុងប្រព្រឹត្តទៅក្នុងការការរៀបចំកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ បន្ទាប់ពីការប្រឈមមុខដាក់គ្នាក្នុងសង្គ្រាមពាណិជ្ជកម្មអស់រយៈពេលជិត ១៦ខែមកនេះ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី