
ក្លឹបបាល់ទាត់ណាហ្គាវើល បានបង្ហាញមុខកីឡាករក្នុងស្រុក៣រូបបន្ថែមសម្រាប់រដូវកាលថ្មី ក្នុងនោះមានខ្សែប្រយុទ្ធ រុន រ៉ានី, អ្នកចាំទី សាន ឧសភា និងអ្នកចាំទី សៀង ណាមឈាវ ។
រុន រ៉ានី មានវ័យ២៩ឆ្នាំ ធ្លាប់បង្កព្យុះភ្លៀងនៅវេស្ទើនភ្នំពេញតាំងពីឆ្នាំ២០១៥ ។ ក្រោយមកនៅជើងទី២ នៃរដូវកាល២០១៧ គេបានផ្ទេរទៅ ភ្នំពេញក្រោន ប៉ុន្តែមិនជោគជ័យទេនៅទីនោះ។ រ៉ានី ជាកីឡាករដែលមានបទពិសោធន៍យ៉ាងច្រើន ក្នុងនោះបច្ចេកទេសដ៏ល្អរបស់គេគឺទាត់មួយស្មើជាមួយអ្នកចាំទី។
ចំណែកអ្នកចាំទីថ្មី សាន ឧសភា វិញ ក៏ជាដៃគូទី២របស់វេស្ទើនកាលពីរដូវកាលមុន បន្ទាប់ពី ប៉េង ប៊ុនឆាយ។ ឧសភា ក៏ធ្លាប់លេងអោយភ្នំពេញក្រោនផងដែរ។ គេជំនាញលោត និងចលនាយកបាល់ពីចម្ងាយ។ ចំពោះ អ្នកចាំទីវ័យ១៩ឆ្នាំថ្មីគឺ សៀង ណាមឈាវ គេពុំទាន់ដឹងប្រវត្តិច្បាស់ទេ។ ប៉ុន្តែតាមប្រភពស្នឹទ្ធិថា កីឡាកររូបនេះចេញពីក្រុមមិនអាជីពមួយនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នេះជាកម្លាំងថ្មី៣រូបបន្ថែមសម្រាប់ណាហ្គា ក្រោយបង្ហាញមុខកីឡាករបរទេស២រូប សម្រាប់ចូលរួមជាមួយកីឡាករចាស់ ប្រជែងលីគកំពូលនិងហ៊ុនសែនខាប់រដូវកាលថ្មី។
ដោយ៖ តារា
រូបភាព៖ Nagawold fc