ត្រៀមៗ! ស្រោមអនាម័យជាង ៥ សែនស្រោម ត្រៀមចែកជូនពលរដ្ឋនាឱកាសព្រះរាជពិធីបុណ្យអុំទូក

76597
  • អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៏គ្រោងចែកស្រោមអនាម័យជាង ៥ សែនស្រោមជូនប្រជាពលរដ្ឋជាពិសេស កីឡាករទូកនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីទុកការពារខ្លួនកុំឲ្យឆ្លងជំងឺអេដស៏ត្រលប់ទៅស្រុកកំណើតវិញ ។

    លោកវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៏ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ផែនការចែកស្រោមអនាម័យជូនប្រជាពលរដ្ឋនៅក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះគឺជាផ្នែកមួយក្នុងយុទ្ធនាការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៏និងជំងឺអេដស៏នៅកម្ពុជា ។ លោកបានបញ្ជាក់ថា នៅក្នុងយុទ្ធនាការនេះមន្រ្តីនៃអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៏ក៏បានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលនឹងចុះអប់រំពីផលប៉ៈពាល់នៃជម្ងឺអេដស៏បន្តទៀតដល់ក្រុមអ្នកដែលមកអុំទូក ការចែកជាខិតប័ណ្ណ ដល់អ្នកដែលមកចូលរួមលេងកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក រួមជាមួយនឹងការសំដែងសិល្បៈកម្សាន្តសប្បាយផ្សេងៗទៀត ដើម្បីបញ្រៀបចំណេះដឹងពីបញ្ហាអេដស៏ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ។
    លោកបាននិយាយថា៖ ” យើងបានរៀបចំជាប៉ាដា និងពាក្យស្លាក នៅតាមផ្លូវធំៗជាពិសេស ផ្តោតនៅកន្លែងដែលមានការស្នាក់នៅរបស់ប្រជាពលរដ្ឋដែលមកសប្បាយ ” ។

    បន្ថែមពីនោះ អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ក៏មានរថយន្តចល័តចំនួនពីរគ្រឿងសម្រាប់ធ្វើការតេស្ដឈាម ដើម្បីស្វែងរកមេរោគអេដស៍ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ និងជាពិសេសកីឡាករទូកផងដែរ ។
    លោកវេជ្ជបណ្ឌិតក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកមកលេងកម្សាន្តទាំងអស់ នៅក្នុងព្រះរាជាពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាពិសេសអ្នកមកអុំទូក ដែលមានបំណងរកសេវាផ្លូវភេទ ត្រូវប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវដើម្បីការពារខ្លួនកុំឲ្យមានការឆ្លងជំងឺអេដស៍ ។

    សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៏ក៏បានសហការជាមួយអង្គការ AHA ដើម្បីដាក់រថយន្តចល័ត ផ្តល់សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ដោយមិនគិតកម្រៃថែមទៀតផង ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី