ជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ បញ្ចប់ជាស្ថាពរ ខណះក្រសួងការពារជាតិឈ្នះមេដាយមាសច្រើនជាងគេ

67717
  • ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកជាតិ ប្រចាំឆ្នាំ២០១៩ បានបញ្ចប់ជាស្ថាពរ កាលពីល្ងាចថ្ងៃទី៣០ ខែតុលា នៅពហុកឡដ្ឋានជាតិអូឡាំពិក ដោយសមាគមកីឡាក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ១ ក្រោយពីឈ្នះមេដាយមាសច្រើនជាងគេ ។

    យោងតាមមន្ត្រីរបស់គណៈកម្មការបច្ចេកទេសបានបង្ហាញលទ្ធផលថា សមាគមកីឡាក្រសួងការពារជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ១ នោះ គឺបានយកឈ្នះមេដាយមាស ៦គ្រឿង មេដាយប្រាក់ ៣គ្រឿង និង មេដាយសំរឹទ្ធ ២គ្រឿង ខណៈរាជធានីភ្នំពេញ ឈរនៅលំដាប់ថ្នាក់លេខ២ ដោយឈ្នះបានមេដាយមាស ៤ គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធ ១គ្រឿង ។ រីឯខេត្តកំពត ឈរនៅលេខ៣ ដោយដណ្តើមបានមេដាយមាស ៣គ្រឿង ប្រាក់ ៦គ្រឿង និងសំរឹទ្ធ ១គ្រឿង ។ ខេត្តព្រៃវែង ឈរនៅលេខ៤ ដែលមានមេដាយមាស ៣គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៥គ្រឿង ខណៈខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាស ៣គ្រឿង ប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង។

    ព្រឹត្តិការណ៍កីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិឆ្នាំ២០១៩នេះ មានការបែងចែកជា ២ ប្រភេទអាយុ គឺប្រភេទអាយុក្រោម ១៨ឆ្នាំ ដែលមាន ១៤វិញ្ញាសា ក្នុងនោះបុរស ៧វិញ្ញាសា និងនារី ៧វិញ្ញាសា និងអាយុ ១៨ឆ្នាំឡើង មាន ១២វិញ្ញាសា ក្នុងនោះបុរសមាន ៦វិញ្ញាសា និងនារី ៦វិញ្ញាសាដែរ សរុបទាំងអស់មាន ២៦វិញ្ញាសា ដែលមានកីឡាករ កីឡាការិនីចំនួន ១៥៥នាក់ ក្នុងនោះកីឡាការិនី ៦៣នាក់ មកពី ១៤ក្លឹប និងសមាគមរាជធានី-ខេត្ត។ ការប្រកួតនេះស្ថិតក្រោមគម្រោងថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹងការជួយមួយផ្នែករបស់វិស័យឯកជន ក្រោមការរៀបចំបច្ចេកទេសរបស់សហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្ត ។

    លោក អ៊ុក ឌីវ៉ង់ អគ្គនាយករងអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយជូនម្ចាស់ជ័យលាភី និងបានលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីអត្តពលកម្មទាំងអស់ ត្រូវបន្តការខិតខំហ្វឹកហាត់ ក៏ដូចជាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព នៅក្នុងការប្រកួតខាងមុខជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនគុណភាពបច្ចេកទេសត្រៀមខ្លួមចូលប្រកួតប្រជែង ក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩ ក៏ដូចជាត្រៀមខ្លួនផងដែរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ខាងមុខ ៕

    ដោយ៖ តារា    រូបភាព៖ SEA GAME 2023

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី