ព្រឹត្តិ​កា​រ​ណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងឆ្នាំ២០១៩ នៅប្រាសាទសំបូរព្រៃគុកមានអ្នកចូលរួមជាង ៥០០នាក់

74673
  • គណៈកម្មការរៀបចំការរត់ប្រណាំងពាក់កណ្តាលពាក់មារ៉ាតុងកំពង់ធំ (Kampong Thom Half Marathon Committee) សហការជាមួយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិសំបូរព្រៃគុក និងស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តកំពង់ធំ បានរៀបចំព្រឹត្តិ​កា​រ​ណ៍កីឡាទេសចរណ៍ រត់ពាក់កណ្តាលពាក់មារ៉ាតុងកំពង់ធំ នៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយទាក់ទាញបានការចូលរួមពីអ្នករត់ជាតិ និងអន្តរជាតិ ប្រមាណជាង៥០០នាក់ ។

    លោក សុខ វណ្ណា ប្រធាននាយកដ្ឋានសេវាកម្សាន្ត និងកីឡាទេសចរណ៍ នៃក្រសួងទេសចេណ៍បញ្ជាក់ថា រមណីយដ្ឋានសំបូរព្រៃគុក ជារមណីយដ្ឋានអេកូទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាច្រើន​​ឱ្យមកទស្សនាកម្សាន្តជាមួយនឹងសក្តានុពលទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលចូលរួមចំណែកផ្សព្វផ្សាយតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ។ ព្រឹត្តិការណ៍កីឡាទេសចរណ៍ ក៏ជាផលិតផលទេសចរណ៍ថ្មីមួយដែលចូលរួមចំណែកជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់ខេត្តកំពង់ធំ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា និងជាកម្លាំងចលករមួយក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈវិស័យទេសចរណ៍ និងដើម្បីឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
    លោកបន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍រត់មារ៉ាតុង នៅរមណីយដ្ឋានសំបូរព្រៃគុក គឺជាសកម្មភាពមនុស្សធម៌ ដែលរៀប​ចំឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា៖ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលជាសម្បត្តិបេតិក​ភ​ណ្ឌ​​​​ពិភ​ពលោក ចូលរួមអភិរក្សធនធានធម្មជាតិ វប្បធម៌ និងបរិស្ថាន នៅរមណីយដ្ឋានសំបូរព្រៃគុក ដែលជាតំបន់រមណីយដ្ឋានអេកូទេសចរណ៍ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអេកូទេសចរណ៍ ស្អាត និងបៃតង លើកកម្ពស់វិស័យទេសចរណ៍ និងកីឡា ផ្សព្វផ្សាយសក្តានុពលកីឡាទេសចរណ៍ និងបរិស្ថានធម្មជាតិជំរុញកំណើនភ្ញៀវទេសចរតំបន់រមណីយដ្ឋានសំបូរព្រៃគុក និងតំបន់សៀមរាបអង្គរ បង្កើនទំនាក់ទំនង ជិតស្និទ រវាងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុង​សហគមន៍​បង្កើនអត្ថប្រយោជន៍វិស័យទេសចរណ៍ ដល់សហគមន៍តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡា បង្កើនសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត ។

    ព្រឹត្តិការណ៍កីឡាទេសចរណ៍រត់ពាក់កណ្ដាលមារ៉ាតុងនៅរមណីដ្ឋានសំបូរព្រៃគុកថ្ងៃនេះ មាន ៣ វិញ្ញាសា រួមមាន៖ រត់ប្រណាំងចម្ងាយ៣គ.ម , ១០គ.ម និង២១គ.ម ដែលមានកីឡាករ កីឡាការីនី ចូលរួមសរុបចំនួនជាង ៥០០នាក់ ក្នុងនោះ​ កីឡាកររត់ចម្ងាយ ១០គ.ម មានចំនួន ៦២នាក់ កីឡាកររត់ចម្ងាយ ២១គម ​មានចំនួន ៥៩នាក់ កីឡាករជនជាតិខ្មែរប្រហែល ៨០% និងកីឡាករជនជាតិបរទេសប្រហែល ២០% ជាកីឡាករ កីឡាការីនីអាជីព មកពី ៦ប្រទេសផ្សេងគ្នាដូចជា Japan, France, New Zealand, America, England, Canada, China និងសិស្សសាលាចំនួន ៤០៧ នាក់ មកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅក្នុងតំបន់រមណីយដ្ឋាន​សំបូរ​ព្រៃគុក ។​ ការរត់ពាក់កណ្ដាលមារ៉ាតុងជាលក្ខណៈអន្តរជាតិនៅក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុកនេះ គឺរត់ដើម្បីស្វែងយល់ពីកីឡាមារ៉ាតុង វិស័យទេសច​រ​ណ៍ អភិរក្សធនធានធម្មជាតិ វប្បធម៌ និងសុខភាពផ្លូវកាយ ផ្លូវចិត្ត រត់ដើម្បីអភិរក្សធនធានធម្មជាតិ និងវប្បធម៌ និងស្វែងយល់ពីជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុកផងដែរ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី