
អតីតវីរៈបុរសរបស់ Arsenal លោក Paul Merson ជឿថា កូនក្រុមរបស់ Manchester United មួយចំនួនមានការភ័យខ្លាចចំពោះលោក Jose Mourinho ណាស់ ហើយនេះជាមូលហេតុដែលធ្វើឲ្យប៉ះពាល់ដល់ទម្រង់លេងរបស់ពួកគេ។ Mourinho តែងតែទទួលបានកេរ្តិ៍ឈ្មោះល្បីខាងគ្រូបង្វឹកដែលហ្មត់ចត់ និងមានការទាមទារខ្ពស់ ហើយតែងតែស្រែកឲ្យកីឡាកររបស់ខ្លួនជាសាធារណៈ នៅពេលដែលគាត់យល់ថា ពួកគេលេងមិនបានល្អគ្រប់គ្រង ឬគ្មានធ្លាក់ទម្រង់លេងនោះ។
United ហាក់ដូចជាអស់សង្ឃឹមហើយ ក្រោយពួកគេទទួលបានលទ្ធផលត្រឹម ០-០ ជាមួយ West Ham កាលពីថ្ងៃព្រហស្បតិ៍នេះ ដោយមិនអាចស៊ុតបញ្ចូលទីក្នុងការប្រកួតជាប់ៗគ្នាបានជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ ២០១៦ មក។ Mourinho បានធ្វើការផ្លាស់ប្តូរកីឡាករ ដោយដាក់អ្នកថ្មីចំនួនប្រាំបីនាក់សម្រាប់ការប្រកួតនេះ ប៉ុន្តែកីឡាករថ្មីមិនអាចធ្វើឲ្យក្រុមទទួលបានជោគជ័យឡើយ ហើយ Merson បាននិយាយថា គាត់បានសម្គាល់ឃើញអ្វីម្យ៉ាងទៅលើទម្រង់លេងរបស់កីឡាករទាំងនោះ។
គាត់បាននិយាយនៅក្នុងកម្មវិធី The Debate របស់ទូរទស្សន៍ Sky Sports ថា៖ “រាល់ពេលដែលកីឡាកររបស់ Manchester United បាត់បង់ឱកាសណាមួយ នោះពួកគេតែងតែរត់ទៅក្រោយវិញ ហើយសម្លឹងទៅ Mourinho ដោយការភ័យខ្លាច ។ អ្នកអាចមើល Manchester City, Tottenham, Chelsea, Liverpool ព្រមទាំង Arsenal នោះអ្នកនឹងឃើញអំពីទម្រង់លេងរបស់ពួកគេ ។ វាមើលទៅដូចជាស៊ីចង្វាក់គ្នាណាស់។ វាខុសគ្នានឹង Manchester United ។ កីឡាករគ្រប់គ្នានៅឈរស្ងៀម ហើយគ្រាន់តែចាំប៉ះបាល់ ដោយមិនធ្វើចលនាច្រើនឡើយ។ ខ្ញុំគិតថា កីឡាករទាំងនោះសុទ្ធតែមានការភ័យខ្លាចយ៉ាងខ្លាំង”។
Mourinho បានសារភាពថា ក្រុមរបស់គាត់ពិតជាត្រូវការការពង្រឹងបន្ថែមទៀតមែន ប៉ុន្តែលោក Merson យល់ថា គាត់គួរតែបារម្ភអំពីកីឡាករដែលចង់ចាកចេញពីទឹកដី Old Trafford ច្រើនជាង។
គាត់បាននិយាយថា៖ “ប្រសិនបើមានកីឡាករណាម្នាក់ត្រូវផ្ទេរចេញនៅរដូវក្តៅនេះ នោះពួកគេនឹងមិនចាកចេញពី Manchester United ជាមួយនឹងទឹកភ្នែកទេ។ ពួកគេជាច្រើននាក់មើលទៅហាក់ដូចជាលេងបាល់ដោយគ្មានភាពរីករាយសោះឡើយ” ៕
ដោយ៖តារា