
Lionel Messi បានដើរតួជាកីឡាករសំខាន់មួយរូបរបស់ Barcelona ជាថ្មីម្តងទៀតដោយស៊ុតបាន ៣៤ គ្រាប់ ខណៈដែល Cristiano Ronaldo និង Luis Suarez មិនអាចតាមកីឡាកររូបនេះទាន់នោះ។ វានឹងក្លាយជាពានរង្វាន់ Pichichi លើកទី ៥ ក្នុងអាជីពរបស់គេ ដែលស្មើនឹង Quini, Alfredo Di Stefano និង Hugo Sanchez។ មើលទៅ ៣៤គ្រាប់នេះនឹងគ្រប់គ្រាន់ឲ្យ Messi ទទួលបាននាមជាកីឡាករកំពូលបំផុតរបស់អ៉ឺរ៉ុបហើយ។
រូបគេនៅមានការប្រកួតក្នុងដៃទៀតដែលអាចផ្តល់ឱកាសដល់រូបគេក្នុងការអាចរកបានគ្រាប់បន្ថែម ដែលនឹងធ្វើឲ្យតួលេខពេលនេះកាន់តែអស្ចារ្យថែមទៀត ហើយខណៈដែលយប់ម៉ិញនេះ Mohamed Salah អាចរកបានតែ ១ គ្រាប់បន្ថែមពីជ័យជម្នះលើក្រុម Brighton ដែលមានលទ្ធផល ៤-០ នោះ យើងអាចច្បាស់ហើយថាពាននេះនឹងជារបស់ Messi យ៉ាងពិតប្រាកដ។
ខ្សែប្រយុទ្ធសញ្ជាត អេហ្ស៊ីប រូបនេះ មានតែ ៣២គ្រាប់ប៉ុណ្ណោះនៅក្នុង Premier League ហើយក៏អស់ឱកាសរកបានគ្រាប់បន្ថែមដែរ ព្រោះថាពេលេនះ Premier League បានដល់ទីបញ្ចប់ហើយ។
ប្រកៀកៗនេះដែរ ក៏មាន កីឡាករ Robert Lewandowski ដែលបានខ្ចាត់ចេញពី ការប្រកួតប្រជែងយកពាននេះ ពេលដែល Bayern បរាជ័យរហូត ៤-១ ក្នុងការប្រកួតចុងក្រោយក្នុងក្របខណ្ឌ Bundesliga។ ដែលកីឡាករប៉ូឡូញរបស់នេះអាចរកបានតែ ២៩គ្រាប់ប៉ុណ្ណោះ គឺ ស្មើនឹង Ciro Immobile ដែលកំពុងមានរបួស។ វាលែងតែមានអភូតហេតុអស្ចារ្យណាស់មួយនៅក្នុងក្របខណ្ឌ Serie A កើតឡើងទើបឱកាសរបស់ Messi នេះអាចមានការប្រែប្រួលបើមិនអញ្ចឹងទេ គឺវាប្រាកដជាក្លាយជារបស់គាត់ហើយ ៕
ដោយ៖តារា