កម្លាំងនគរបាលជាតិជិត ២ ម៉ឺននាក់ ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក

83960
  • អគ្គស្នងការនគរបាលជាតិ បានត្រៀមកម្លាំងជិត ២ ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខនេះ ។

    ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា អគ្គស្នងការនគរបាលជាតិ បានដាក់កម្លាំងជិត ២ ម៉ឺននាក់នៅតាមគោលដៅនីមួយៗ ដើម្បីធានាសន្ដិសុខ សុវត្ដិភាព និងសណ្ដាប់ធ្នាប់សារធារណៈជូនប្រពលរដ្ឋមកកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឱ្យកាន់តែមានភាពល្អប្រសើរ ។
    ឯកឧត្តមឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ការប្រើប្រាស់កម្លាំងសរុបក្នុងការការពារសន្ដិសុខសណ្ដាប់នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺច្រើនជាងឆ្នាំមុន ព្រោះស្របពេលជាមួយនឹងបុណ្យឯករាជ្យជាតិផងដែរ ។
    ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យមកលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូកទាំងអស់គ្នា ដោយកុំជឿលើការញុះញង់ និងបំផុសបំផុលរបស់ក្រុមអគតិមួយចំនួន ជាពិសេសក្រុមទាមក្រៅច្បាប់ ។
    ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានសុំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់មានការយោគយល់ចំពោះការបិទផ្លូវមួយចំនួន និងការត្រួតពិនិត្យរបស់សមត្ថកិច្ច ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋដែលមកលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះវត្ថុដែលមានតម្លៃ ជៀសវាងការបាត់បង់ ដោយសារ ជនឈ្លាតឱកាសមួយចំនួន ។

    សូមបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក កាលពីឆ្នាំ២០១៨ កន្លងទៅ ស្នងការនគរបាលជាតិ បានដាក់កម្លាំងចំនួនជាង ១ ម៉ឺននាក់ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋដែលមកកំសាន្ត ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី