
ក្តីរំពឹងយ៉ាងមោះមុតរបស់ Buriram United ក្នុងការបន្តដំណើរទៅមុនក្នុងពានរង្វាន់ AFC Champions League ២០១៨ ត្រូវរលាយសាបសូន្យក្នុងវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីក្រុមនេះរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមថ្វីជើងរបស់ Jeonbuk Hyundai Motors កាលពីល្ងាចថ្ងៃអង្គារ ដោយការប្រកួតទាំងពីរជើងលទ្ធផលសរុប Buriram ចាញ់ Jeonbuk Hyundai Motors ៤-៣។
សម្រាប់ការប្រកួតនៅថ្ងៃអង្គារនេះ Jeonbuk បាននាំមុខនៅនាទី ១៨ ផ្ដើមចេញពីការទាត់កាត់ចូលដោយ Lee Young រួចតែតទម្លាក់យ៉ាងល្អដោយ Kim Shin-wook ចុងបញ្ចប់ Ricardo Lopes បានទាត់បំប៉ោងសំណាញ់ទី។ ក្រុមជើងឯករបស់លីគកំពូលថៃ បានរបូតគ្រាប់បាល់ដល់ទៅពីរគ្រាប់កាលពីជើងទីមួយ ទើបធ្វើឲ្យថ្ងៃនេះក្រុមរបស់ខ្លួនចាញ់ដោយមិនអស់ចិត្ត។ ពួកគេគ្មានសំណាងក្នុងការតាមយកស្មើនៅនាទី ៤៥ មុនបញ្ចប់តង់ទីមួយ ដោយការស៊ុតរបស់ Jakkaphan Kaewprom ត្រូវបានរារាំងដោយរបារទីខាងលើ ខ្ទាតចេញទៅក្រៅ។
នៅនាទី ៧២ Buriram មានឱកាសមួយដ៏ល្អទៀត តែ Diogo មិនអាចលោតតែតចាក់អន្ទង់ចំបាល់នៅកៀកនឹងមុខទីតែម្ដង ធ្វើឲ្យឱកាសបាត់បង់ទៅវិញ។ នៅនាទី ៧៧ Buriram ភ័យស្ទើរធ្លាក់ថ្លើមនៅពេលដែល Kim ទទួលបានបាល់តែតមួយយ់ា់ងមុតស្រួចសម្ដៅទី ប៉ុន្តែសំណាងល្អត្រូវអ្នកចាំទីដោលចេញទៅលើ។ ប៉ុន្តែ កី្តសង្ឃឹមរបស់ Buriram ក្នុងការរក្សាលទ្ធផលស្មើ និងឱកាសក្នុងការឡើងទៅវគ្គ ៨ក្រុមចុងក្រោយត្រូវរលាយនៅនាទី ៨៤ នៅពេលដែល Lee Jae-sung របស់ Jeonbuk បំប៉ោងសំណាញ់ទីដោយបាល់ហ្វ្រ៊ីឃីក។
ដូច្នេះ Buriram United បានខ្ទាតចេញពីពានរង្វាន់ AFC Champions league រដូវកាល ២០១៨ ក្រោមថ្វីជើងក្រុមខ្លាំង Jeonbuk Hyundai Motors ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ៕
ដោយ៖តារា