ក្រសួងទេសចរណ៍ បដិសេធចំពោះការលើកឡើងថា ចំនួនភ្ញៀវទេសចរអន្តជាតិ មានការធ្លាក់ចុះ

21431
  • ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ជុក ជំនោរ នាព្រឹកថ្ងៃទី៦ វិច្ឆិកា បានបដិសេធចំពោះការលើកឡើងថាចំនួនភ្ញៀវទេសចរអន្តជាតិ មានការធ្លាក់ចុះក្នុងឆ្នាំ២០១៩នេះ ។ លោកថា នេះជាដំណឹងដែលខុសឆ្គង ព្រោះតាមពិតទៅភ្ញៀវទេសចរ អន្តរជាតិមានការកើនឡើង ដោយគិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០១៩ នេះ យើងទទួលបានភ្ញៀវទេសចរបរទេសប្រមាណជាង ៤លាន ៨សែននាក់ ជាមួយនឹងកំណើន ១០% ។

    ក្នុងសិក្ខាសាលាបូកសរុបការងារប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ ឆ្នាំ២០១៩ លោក ជុក ជំនោរ បានអះអាងថា ថ្វីដ្បិតតែសៀមរាបអង្គរមានការធ្លាក់ចុះនៃចំនួន ភ្ញៀទេសចរអន្តរជាតិបន្តិចក៏ពិតមែន តែមិនមានន័យថា នៅទូទាំងប្រទេសកម្ពុជាមានការធ្លាក់ចំនួនភ្ញៀវ ទេសចរអន្តរជាតិនោះទេ តែផ្ទុយទៅវិញគឺមានការកើនឡើង ។ លោកបានបន្តថា ជារួមគិតចាប់តាំងពីឆ្នាំ១៩៩៣ មក ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមានការធ្លាក់ ចុះចំនួន ២លើក គឺក្នុងឆ្នាំ១៩៩៧ និងនៅឆ្នាំ២០០៣ ដោយក្នុងឆ្នាំ១៩៩៧ ពាក់ព័ន្ធនឹងវិបត្តិអចលនទ្រព្យ នៅអាស៊ី និងឆ្នាំ២០០៣ ពាក់ព័ន្ធនឹងបញ្ហាជំងឺសា ដោយឡែកសម្រាប់ឆ្នាំ២០០៨ នៅពេលដែលមានវិបត្តិសេដ្ឋកិច្ចពិភពលោក ទេសចរអន្តរជាតិមកកម្ពុជា គឺពុំមានការធ្លាក់ចុះនោះទេ ។

    ពាក់ព័ន្ធទៅនឹងការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាបសម្រាប់ឆ្នាំ២០១៩នេះ លោក ជុក ជំនោរ បានគូសបញ្ជាក់ថា ក្រសួងទេសចណ៍ និងគ្រប់ភាគីពាក់ព័ន្ធបានប្រជុំគ្នាដើម្បីធ្វើការ ដោះស្រាយបញ្ហានេះ ជាពិសេសរាជរដ្ឋាភិបាលបានប្រគល់ជូនក្រសូងទេសចរណ៍ក្នុងការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាបនេះ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី