រដ្ឋបាលរាជធានីភ្នំពេញ ចុះផ្តល់អំណោយដល់ចំណុះទូកថ្នាក់រាជធានីភ្នំពេញជាង ៥០ទូកមុនបុណ្យអុំទូកមកដល់

41561
  • អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ និង ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះបានជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីចំណុះទូកថ្នាក់រាជធានីភ្នំពេញនៅបរិវេណវត្តភ្នំ ដែលបងប្អូននឹងត្រូវត្រៀមខ្លួនចូលរួមប្រកួតថ្នាក់ជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករយះពេល៣ថ្ងៃគឺថ្ងៃទី១០.១១.១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅមុខព្រះបរមរាជវាំង ។
    លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ រាជធានីភ្នំពេញមានទូកចូលរួមប្រណាំង ចំនួន ៥៥ទូក មានចំណុះទូកចំនួន ៣៧១៦នាក់ និងមានកីឡាបំរុងចំនួន ៦១០នាក់ ។
    ឯឧ ឃួង ស្រេង បានថ្លែង លើកទឹកចិត្តដល់បងប្អូនកីឡាករ-កីឡាការនីដែលជាចំណុះទូកអុំ ទូកចែវទាំងអស់ឲ្យខិតខំប្រឹងប្រែងបញ្ចេញអស់កំលាំងកាយចិត្តរួមសាមគ្គីគ្នាដើម្បីដណ្តើម យកជ័យជំនេះនិងនាំកិត្តិយសជូនវត្ត ជូនសង្កាត់ ខណ្ឌនិងជូនរាជធានីភ្នំពេញ ។ ជាមួយគ្នានេះបងប្អូនត្រូវរក្សាសុខភាព ការហូបចុក ការសំរាកយកកំលាំងឲ្យបានគ្រប់គ្រាន់ដើម្បីត្រៀមចូលរួមប្រកួតឲ្យអស់សមត្ថភាព ។

    ឯកឧត្តម អភិបាលបន្តថា ចិត្តជាកីឡាទោះចាញ់ ឬឈ្នះជារឿងធម្មតា យើងប្រកួតដើម្បីចូលរួមថែរក្សាប្រពៃណីវប្បធម៌ ទំនៀមទំលាប់ជាតិនឹងដើម្បីសុខភាព ។ ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ពិធីអកអំបុកសាមគ្គីដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រនិងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាចំបងលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកំរិតខ្ពស់បំផុតជាពិសេសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតក៏ដូចជាមានបំណងបំផ្លាញសន្តិភាព និងក្តីសុខសាន្តរបស់ប្រជាពលរដ្ឋរបស់ពួកឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយជនក្បត់ជាតិសម រង្ស៉ី ។ ដូច្នេះទេសូមបងប្អូនដើរឱ្យឆ្ងាយ កុំទៅចូលរួមទទួលសជនក្បត់ជាតិ សម រង្ស៉ី បើចូលរួមបងប្អូនមានទោស ។ ជាងនេះទៅទៀត សូមបងប្អូនការពារខ្លួន
    ឱ្យបានល្អ ពិសេសការឆ្លងរីករាលដាលនៃជម្ងឺអេដស៏ ស្របពេលនអត្រានៃជម្ងឺអេដស៏ ហាក់មានការកើនឡើងបន្តិចនៅឆ្នាំនេះ។
    ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានខិតខំប្រឹងប្រែងកែលំអរសោភណ្ឌភាពរាជធានីភ្នំពេញឲ្យសក្ត័សមទៅនឹងមជ្ឈមណ្ឌលនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជានិងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកំសាន្តនៅរាជធានីភ្នំពេញកាន់តែច្រើនឡើង ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលរាជធានីភ្នំពេញក៏បានចែកមួក និងអាវយឺតដល់ចំណុះទូករាជធានីភ្នំពេញទាំងជាង ៣០០០នាក់រួមនឹងថវិកាមួយចំនួនជាការលើកទឹកចិត្តដល់បងប្អូនសំរាប់ការត្រៀមប្រកួត នាពេលខាងមុខនេះដែរ ។

    ដោយឡែកនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកាដដែលនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំការប្រណាំងទូកសាកល្បងសមកំលាំងនៅតាមដងទន្លេសាបចំណុចមុខវត្តឧណ្ណាឡោម ។ ទិដ្ឋភាពនៃការប្រារព្វបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយមោទនះភាពជាតិក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋបានបង្ហាញឲ្យឃើញពីការរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៏ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ ។ ក្នុងដំណាក់កាលនេះដែរ អាជ្ញាធររាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងនិងសេចក្តីអំពាវនាវជាបន្ត បន្ទាប់សំដៅពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងឧិកាសបុណ្យ និងបានអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងលើកកំពស់សោភណ្ឌភាពនិងបរិស្ថានទីក្រុង ប្រកបដោយស្មារតីទទួលខុសត្រូវ និងជូនដំណឹងពីការបញ្ជៀសចរាចរតាមតម្រាយផ្លូវមួយចំនួនតាមច្រកចេញចូលរាជធានីភ្នំពេញ ក៏ដូចជាការអំពាវនាវ សុំឲ្យមានការចូលរួមបរិច្ចាកធនធានជាថវិកា ឬសំភារះផ្សេងៗជួយដល់កីឡាករកីឡាការនីចំណុះទូករាជធានីភ្នំពេញដើម្បីជាការលើកទឹកចិត្តដល់បងប្អូនផងដែរ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី