លោក Guardiola បានដឹកនាំ City ទៅគ្រោងតំណែងជើងឯក ខណៈដែលក្រុមនេះក្លាយជាក្រុមតែមួយគត់ក្នុងប្រវត្តិសាស្ត្រលីគនៅអង់គ្លេសដែលរកបាន ១០០ ពិន្ទុ និងរកគ្រាប់បាល់បាន ១០៦គ្រាប់។ Man City ក៏អាចរក្សាកំណត់ត្រាឈ្នះ ៣២ ប្រកួតក្នុងចំណោម ៣៨ប្រកួត ក្នុងមួយយុទ្ធនាការ។
លោក Guardiola ដែលជាអតីតគ្រូរបស់ Barca និង Bayern Munich បានជាប់ក្នុងបញ្ជឺចំរាញ់បេក្ខភាពចំនួន ៦នាក់ ដែលក្នុងនោះមាន លោក Jurgen Klopp របស់ Liverpool លោក Sean Dyche របស់ Burnley លោក Nuno Espirito Santo របស់ Wolves លោក Neil Warnock របស់ Cardiff និងលោក John Coleman របស់ Accrington Stanley។ ដោយឡែក លោក Espirito Santo បានឈ្នះគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំក្នុងក្របខ័ណ្ឌ Chmapionship ខណៈដែលលោក Paul Hurst របស់ Shrewsbury ឈ្នះជ័យលាភីក្នុង League One និង Coleman បានឈ្នះជ័យលាភី League Two។ លោក Guardiola ក៏បានឈ្នះរង្វាន់ LMA សម្រាប់គ្រូបង្វឹក Premier League ឆ្នើមប្រចាំឆ្នាំផងដែរ។
ថ្លែងក្រោយការទទួលរង្វាន់ គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះបាននិយាយថា៖ “គ្រូបង្វឹកផ្សេងទៀតទាំងអស់ក៏ស័ក្ដិសមនឹងទទួលបានវាដែរ។ ពួកគេបំពេញកិច្ចការយ៉ាងអស្ចារ្យក្នុងរដូវកាល។ តែដោយសារ អ្នកឈ្នះមានតែម្នាក់ ខ្ញុំក៏មានសំណាងទទួលបានវា។យើងលេងបានល្អ ហើយយើងសប្បាយចិត្តដែលទទួលបាន។ ពិតណាស់ ខ្ញុំតែងតែគិតថាកំណត់ត្រាគឺជាលទ្ធផលនេះការប្រកួតរបស់យើង ជាភាពស៊ីសង្វាក់របស់យើង។ ដើម្បីឲ្យមានតួរលេខក្នុងកំណត់ត្រាកើតឡើង យើងត្រូវពង្រឹងសាមគ្គីឲ្យខ្លាំងក្លារាប់សិបខែ មិនមែនក្នុងរយៈពេលខ្លីនោះទេ”។
“ខ្ញុំបានមកដឹកនាំក្លឹបមួយដ៏ពិសេស។ ទីនេះគឺជាគ្រួសារ ហើយការរៀបចំមានលក្ខណៈល្អប្រសើរ។ ការវិនិយោគពិតជាសំខាន់ណាស់ ហើយគុណភាពនៃកីឡាកររបស់យើងគឺជាចំណុចនាំមកនូវភាពផ្លាស់ប្ដូរ។ កាលពីនៅក្មេង ខ្ញុំតែងតែនិយាយថា ប្រទេសអង់គ្លេសមិនសូវខុសគ្នាពីឋានសួគ៌ទេ។ អ្នកគ្រប់គ្នាតែងតែចង់មកទីនេះ។ ខ្ញុំចង់និយាយថាអរគុណដល់ Premier League ដែលផ្ដល់ឱកាសឲ្យខ្ញុំបានមកកាន់ទីនេះ ដើម្បីចែករំលែកក្ដីស្រមៃជាមួយក្រុមគ្រួសាររបស់ខ្ញុំដែលមករស់នៅទីនេះ” ៕
ដោយ៖តារា