ក្រុមហ៊ុនស្ដេចបច្ចេកវិទ្យាចិន Tencent កំពុងរងការធ្លាក់ចុះប្រាក់ចំណេញនៅត្រីមាសទី៣ ឆ្នាំ២០១៩នេះ

51517
  • យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃពុធទី១៣ ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Tencent Holdings Ltd ដែលជាក្រុមហ៊ុនផលិតហ្គេម និងជាក្រុមហ៊ុនបណ្តាញសង្គមយក្សដ៏ធំមួយរបស់ចិននោះកំពុងធ្លាក់ចុះ ។

    ក្រុមហ៊ុន Tencent Holdings Ltd បានរងការធ្លាក់ចុះក្នុងកម្រិត ១៣ភាគរយក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ កន្លងទៅនេះដោយសារផលប៉ះពាល់ពីការធ្លាក់ចុះនៃការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមនិងការធ្លាក់ចុះនៃប្រាក់ចំណូលពីការលក់ហ្គេមកុំព្យូទ័រ ។ ក្នុងត្រីមាសទី៣ដែលគិតត្រឹមដំណាច់ខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុនផលិតហ្គេមដ៏ធំជាងគេបំផុតនៅលើពិភពលោកដោយគិតតាមប្រាក់ចំណូលខាងលើ រកបានប្រាក់ចំណេញសរុបចំនួន ២០,៣៨ពាន់លានយ័នដែលស្មើនឹង ២,៩១ពាន់លានដុល្លារ ដែលចំនួននេះ គឺខុសគ្នានឹងការប៉ាន់ស្មាន់របស់អ្នកវិភាគ ១៥នាក់មកពីស្ថាប័ន Refinitiv ដែលបានព្យាករណ៍ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះក្នុងកម្រិត ២៣.៤៥ពាន់លានយ័ន ។
    ក្រៅពីនេះ ក្រុមហ៊ុនខាងលើក៏មានចំណែកក្នុងហ្គេមល្បីៗមួយចំនួនផ្សេងទៀតដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងប្រទេសយើងផងដែរ ដោយក្នុងនោះរួមមានដូចជា Fortnite និង PlayerUnknown’s Battlegrounds ឫ PUBG ជាដើម ហើយលើសពីនេះ ក្រុមហ៊ុននេះក៏មានផលិតផលហ្គេម និងកម្មវិធីកុំព្យូទ័រជាច្រើនសន្ធឹកសន្ធាប់ដទៃទៀតដែលកំពុងចរាចរណ៍នៅលើទីផ្សារពិភពលោកផងដែរ ។

    សូមជម្រាប​ថា ក្រុមហ៊ុន Tencent Holdings Ltd គឺជាម្ចាស់បណ្តាញសង្គមដ៏ធំមួយរបស់ចិនឈ្មោះ QQ ហើយក៏ជាក្រុមហ៊ុនផលិតហ្គេមល្បីៗជាច្រើនដែលមានដូចជា Call of Duty និង League of Legends ជាដើម ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី