គ្រូបង្វឹកកម្ពុជាលោក Felix បង្ហាញមហិច្ឆតាចង់ឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម ២០១៩ នៅហ្វីលីពីន

90657
  • លោក Felix G. Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានថ្លែងថា សម្រាប់ការ​ប្រកួតក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺយើង​ចង់លេងគ្រប់ការប្រកួតទាំងអស់រហូតដល់ការប្រកួតចុងក្រោយ នៃវគ្គផ្តាច់ព្រ័ត្រ ។

    គ្រូបង្គោលរូបនេះបានបញ្ជាក់ថា៖ “យើងមិនគិតថា ក្រុមយើងស្ថិតនៅក្នុងពូលណាទេ ឬជួបក្រុមណានោះទេ ។ ការហ្វឹកហាត់ត្រៀមខ្លួនរបស់ពួកយើងលើកនេះ គឺខុសពីរាល់ដង​បន្តិច ដោយហ្វឹកហាត់ជាមួយក្រុមដែលត្រៀម សម្រាប់ប្រកួតជាមួយក្រុមម្ចាស់ផ្ទះហុងកុង នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ សម្រាប់វគ្គជម្រុះជុំទី២ ជើងទី២ FIFA World Cup ផង និងត្រៀមការប្រកួតស៊ីហ្គេមផង ដែលប្រើប្រាស់ឈុត U22 និងកីឡាករលើសអាយុ ២នាក់ ” ។

    លោក Felix បានបន្ដថា ការហ្វឹកហាត់នេះមានកីឡាករសរុប ៣៥នាក់ ដូច្នេះអញ្ចឹងហើយបាន​ជាយើងហ្វឹកហាត់ជា ២ លក្ខខណ្ឌផ្សេងគ្នារហូតមកដល់ពេលនេះ ការហ្វឹកហាត់ គឺរលូន ហើយកីឡាករម្នាក់ៗត្រូវខិតខំសម្រាប់កៅអីរបស់ខ្លួន ។ លោកបានបន្ថែមថា​ ជំនួបជាមួយម៉ុងហ្គោលី គឺជាការប្រកួតត្រៀមខ្លួនដ៏ល្អមួយមុនជំនួបជាមួយហុងកុង នៅទីក្រុងហុងកុង សម្រាប់​ថ្ងៃទី​១៩ ខែវិច្ឆិកាខាងមុខនេះ ។

    សូមបញ្ជាក់ថា សម្រាប់ស៊ីហ្គេមឆ្នាំនេះ ក្រុម U22 កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយ ៤ ក្រុមទៀត គឺក្រុមម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងម្ចាស់ផ្ទះហ្វីលីពីន ដោយក្រុម​កម្ពុជានឹងត្រូវប្រកួតបើកឆាកជាមួយម្ចាស់ផ្ទះ ហ្វីលីពីន នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ចំណែកពូល B មាន ៦ ក្រុម គឺថៃ វៀតណាម ឡាវ សិង្ហបុរី ព្រុយណេ និងឥណ្ឌូណេស៊ី ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី