
ក្រុមការពារតំណែងជើងឯកបាល់ទាត់ពិភពលោកមួយនេះនឹងត្រូវធ្វើការប្រកួតលើកដំបូងជាមួយម៉ិកស៊ិក ខណៈពេលដែល Timo Werner ក៏បានជាប់ឈ្មោះក្នុងចំណោមកីឡាករទាំង ២៧ រូបដែលគ្រូបង្វឹក Joachim Low បានសម្រិតសម្រាំងសម្រាប់ព្រឹត្តិការណ៍នេះផងដែរ។
កីឡាករ Timo Werner នឹងធ្វើដំណើរទៅចូលរួមការប្រកួតដ៏ធំនេះក្នុងទម្រង់លេងដ៏អស្ចារ្យ ខណៈរូបគេស៊ុតបញ្ចូលទីបានចំនួន ២១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៥ លើកក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Die Roten Bullen ក្នុងឆ្នាំ ២០១៧/១៨។ លើសពីនេះទៅទៀត កីឡាករវ័យ ២២ ឆ្នាំរូបនេះអាចរកគ្រាប់បាល់បានចំនួន ៧ គ្រាប់នៅក្នុងការបង្ហាញខ្លួនចំនួន ១២ លើកសម្រាប់ក្រុម Die Mannschaft (ជម្រើសជាតិអាល្លឺម៉ង់)ហើយគាត់ថែមទាំងទទួលបានស្បែកជើងមាសនៅ FIFA Confederations ឆ្នាំ ២០១៧ ស្របពេលដែលអាល្លឺម៉ង់បានទទួលជ័យជម្នះផងដែរ។
ថ្លែងទៅកាន់ MDR កីឡាករវ័យ ២២ ឆ្នាំរូបនេះបាននិយាយថា៖ “យើងគឺជាក្រុមដែលមានប្រៀបជាងគេបំផុត។ ខ្ញុំមិនដឹងថាមានប្រៀបកម្រិតណានោះទេ ប៉ុន្តែដឹងត្រឹមថាយើងមានប្រៀបជាងក្រុមណាៗទាំងអស់ ។ យើងមានគម្រោងសំខាន់ៗជាច្រើននៅរដូវក្តៅនេះ។ ខ្ញុំពិតជាអន្ទះសារចង់ទៅចូលរួមការប្រកួតបាល់ទាត់ពិភពលោកនេះណាស់។ តែវាមិនមកដល់ឆាប់ៗសោះ”។
ដើម្បីត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍នេះ ក្រុមជម្រើសជាតិអាល្លឺម៉ង់នឹងត្រូវធ្វើការប្រកួតលក្ខណៈមិត្តភាពចំនួនពីរប្រកួតជាមួយអូទ្រីស (២ មិថុនា) និងអារ៉ាប៊ីសាអូឌីត (៩ មិថុនា) មុនពេលចាប់ផ្តើមការពារតំណែងជើងឯករបស់ខ្លួនក្នុងខែមិថុនាខាងមុខនេះ ៕
ដោយ៖តារា