
អ្នកជំនាញកសិកម្មជួយបណ្តុះបណ្តាលប្រជាពលរដ្ឋពីបច្ចេកទេសធ្វើកសិកម្មដែលតទល់និងបញ្ហាកាប្រែប្រួលអាកាសធាតុ ដើម្បីធានាឱ្យកសិករនៅតែទទួលបានភោគផលខ្ពស់សំរាប់ដោះស្រាយក្នុងសេដ្ឋកិច្ចគ្រួសារបើទោះបីជួបបញ្ហាការប្រែប្រួលអាកាសធាតុកដោយ ។ លោក សរ វេង តំណាងមជ្ឈមណ្ឌលសេវាកសិកម្មអភិរក្សក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានឲ្យដឹងថា មជ្ឈមណ្ឌលសេវាកសិកម្មអភិរក្សបានធ្វើការបណ្ដុះបណ្ដាល និងអប់រំប្រជាពលរដ្ឋឱ្យពួកគាត់បានស្វែងយល់អំពីវិធីសាស្ត្រកសិកម្មបន្ស៊ាំ និងការប្រែប្រួល អាកាសធាតុរាំងស្ងូត , ការរក្សា សំណើមដី , ការការពារ សំណឹកដី ការកែលំអរដីឱ្យមានគុណភាព ។
ការពង្រីកផែនការផ្តល់បច្ចេកទេសធ្វើកសិកម្មដែលតទល់និងការប្រែប្រួលអាកាសធាតុបានធ្វើឡើងខណៈដែលបច្ចុប្បន្នកម្ពុជាបានជួបបញ្ហាការប្រែប្រួលអាកាសធាតុដូចជាការឡើងកម្តៅធ្វើឱ្យជួបគ្រោះរាំងស្ងួត និងភ្លៀងធ្លាក់មិនទៀងទាត់បង្កជាជំនន់ទឹកភ្លៀងនិងគ្រោះទឹកជំនន់ធ្ងន់ធ្ងរថែមទៀតផង។
លោកតំណាងមជ្ឈមណ្ឌលសេវាកសិកម្មអភិរក្សនេះ បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មអភិរក្សគម្របដីនេះ ដើម្បីជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ សម្រាប់ដាំដុះដំណាំកសិកម្មកាន់តែទទួលបានទន្នផលខ្ពស់ ដែលអាចចំណេញពេលវេលា និងចំណាយដើមទុនតិច ដែលធ្វើឱ្យដំណាំធន់នឹងការប្រែប្រួល អាកាសធាតុ តាមរយៈការដាំដំណាំគម្របដី ។
លោកវឿន វឿត សមាជិក្រុមប្រឹក្សាឃុំ ស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងឃុំ មានប្រមាណជាង ៨០ភាគរយ ដែលបានកំពុងអនុវត្តបច្ចេកទេសកសិកម្មថ្មីមួយ គឺជាកសិកម្មអភិរក្សគម្របដី ដែលមានការបណ្ដុះបណ្ដាលពីអង្គការដៃគូរ ។
លោក ជ្រឹង គី កសិកររស់នៅក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានសម្ដែងការរីករាយដែលមានអ្នកជំនាញបានមកបណ្ដុះបណ្ដាលការដាំណាំកសិកម្មអភិរក្សគម្របដីនេះ ដើម្បីធ្វើឲ្យពួកគាត់មានបច្ចេកទេកធ្វើស្រែចំការទទួលទិន្នផលខ្ពស់ និងចំណេញពេលវេលា។
លោកបន្ដថា បន្ទាប់ពីពួកគាត់បានអនុវត្ដបច្ចេកទេសកសិកម្មថ្មីបែបអភិរក្សនេះ គឺដីមានជីវជាតិ ចំណាយដើមទុនតិច និងទទួលទន្នផលខ្ពស់ជាង ការធ្វើស្រែចំការតាមទំលាប់របស់ដូនតា ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសេវាកសិកម្មអភិរក្សបានកំពុងអនុវត្ដ និងបណ្ដុះបណ្ដាលបច្ចេកទេសធ្វើកសិកម្មអភិរក្សគម្របដីនេះដល់ប្រជាពលរដ្ឋ មានដូចជា ខេត្ដកំពង់ចាម កំពង់ធំ បាត់ដំបង ព្រះវិហារ និងគ្រោងបន្ដទៅអនុវត្ដនៅខេត្ដកណ្ដាល និងសៀមរាបផងដែរ ៕
ដោយ៖ សំណាង