ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី១ នៅថ្ងៃស្អែកនេះ

81518
  • ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី១ និងពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ (រយៈពេលពេញ ០១ថ្ងៃ) នៅសណ្ឋាគារហ្គាដិនស៊ីធី (Garden City) រាជធានីភ្នំពេញ ។

    ពិធីបើកវេទិកានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ រីឯពិធីបិទវេទិកានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។
    វេទិការយៈពេល ០១ថ្ងៃនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំជាសមាជិករាជរដ្ឋាភិបាល ក្រុមការងារអន្តរក្រសួង តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ប្រតិបត្តិករ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យ សរុបប្រមាណ ៦០០នាក់ ។

    ជាងនេះទៀត វេទិកានេះនឹងមានវាគ្មិនល្បីៗមកពីក្រសួងស្ថាប័នរដ្ឋ អង្គការជាតិ-អន្តរជាតិ ផ្នែកឯកជន សមាគម សហគមន៍ ចូលរួមធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ហើយចុងបញ្ចប់នៃវេទិកានេះនឹងមានចេញជាសេចក្តីថ្លែងការណ៍ (Declaration) លើកទី១ ស្តីពីការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី