យល់ដឹងទាំងអស់គ្នា៖ ហានិភ័យនៃការប្រើបណ្តាញ Wi-Fi សាធារណៈ និងវិធានការការពារ

១-ព័ត៌មានទូទៅ

Wi-Fi សាធារណៈអាចរកបាននៅគ្រប់ទីកន្លែងសាធារណៈ ដែលពេញនិយមដូចជាព្រលានយន្តហោះ ហាងកាហ្វេ ផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារ ហើយវាបានអនុញ្ញាតឱ្យអ្នកចូលប្រើអ៊ិនធឺណិត ដោយឥតគិតថ្លៃ។ អ៊ិនធឺណិត “hotspot” ប្រើប្រាស់យ៉ាងទូលំទូលាយ និងពេញនិយមសម្រាប់អ្នកប្រើប្រាស់ មនុស្សជាច្រើនបានភ្ជាប់ទៅកាន់ hotspot ដោយមិនបាន​គិតពីហានិភ័យដែលអាចកើតមាន។ បើទោះបីជាវាមិនមានផលប៉ះពាល់ដល់ការចូល និងពិនិត្យមើលគណនីប្រព័ន្ធផ្សព្វផ្សាយ​សង្គមរបស់អ្នក ឬមើលអត្ថបទព័ត៌មានមួយចំនួន ប៉ុន្តែសកម្មភាពប្រចាំថ្ងៃដែលអ្នកចូលចិត្តធ្វើដូចជាអានសារអ៊ីម៉ែល​ ឬពិនិត្យ​មើលគណនីធនាគារ វាអាចបង្កឱ្យមានគ្រោះថ្នាក់ នៅពេលដែលអ្នកប្រើប្រព័ន្ធ Wi-Fi សាធារណៈ។
២-តើអ្វីជាហានិភ័យ?
ការប្រើប្រព័ន្ធ wifi សាធារណៈ គឺមានហានិភ័យជាច្រើនដែលអាចកើតឡើង ខណៈដែលម្ចាស់អាជីវកម្មគិតថាបានផ្តល់សេវាកម្មឥតគិតថ្លៃសម្រាប់អតិថិជន ប៉ុន្តែប្រហែលមិនបានគិតអំពីសុវត្ថិភាពរបស់បណ្តាញនេះទេ។
៣-ការវាប្រហារ Man-in-the-Middle attacks

ការគំរាមកំហែងមួយក្នុងចំណោមការគំរាមកំហែងទូទៅនៅលើបណ្តាញទាំងនេះ ត្រូវបានគេស្គាល់ថាជាការវាយប្រហារ Man-in-the-Middle (MitM)។ នៅពេលដែលកុំព្យូទ័រធ្វើការតភ្ជាប់ទៅអ៊ិនធឺណិត ទិន្នន័យត្រូវបានបញ្ជូនពីចំណុច A (កុំព្យូទ័រ) ទៅចំណុច B (សេវា / វេបសាយ) ហើយចំនុចដែលងាយរងគ្រោះនោះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារអាចលួចអានទិន្នន័យ ដែលបញ្ជូននៅលើប្រព័ន្ធទាំងពីនេះ ជាហេតុនាំឱ្យព័ត៌មានសំខាន់ត្រូវបានគេលួច។
៤-បណ្តាញមិនបានធ្វើកូដនីយកម្ម (encrypted)
ការធ្វើកូដនីយកម្មមានន័យថាព័ត៌មានដែលត្រូវបានបញ្ជូនរវាងកុំព្យូទ័ររបស់អ្នក (តាមរយៈឧបករណ៍ router) គឺស្ថិតនៅក្នុងទម្រង់ជា “លេខសម្ងាត់” ដូច្នេះវាមិនអាចលួចមើលដោយនរណាម្នាក់ ដែលមិនមានសោរលេខសម្ងាត់នោះទេ។ Router ភាគច្រើនដែលផលិតចេញពីរោងចក្រ គឺបានបិទនូវមុខងារធ្វើកូដនីយកម្ម ហើយអ្នកប្រើប្រាស់គួរបើកមុខងារនេះនៅពេលដែលភ្ជាប់បណ្តាញដំបូង។ ប្រសិនបើអ្នកមានជំនាញផ្នែកព័ត៌មានសន្តិសុខ ជាអ្នកកំណត់ការភ្ជាប់បណ្តាញអ៊ិនធឺណិតលើ router នោះភាគច្រើន គឺពួកគេនឹងបើកមុខងារកូដនីយកម្មនេះ ដូចនេះអ្នកគួរកំណត់បើកមុខងារនេះដើម្បីការពារសុវត្ថិភាព។
៥-ការចែកចាយមេរោគ
ដោយសារតែកម្មវិធីមានចំនុចខ្សោយ អ្នកវាយប្រហារអាចមានវិធីសាស្រ្តដើម្បីធ្វើចម្លងមេរោគ “malware” ចូលកុំព្យូទ័ររបស់អ្នកដោយអ្នកមិនដឹងខ្លួន។ ចំនុចខ្សោយរបស់កម្មវិធី គឺជាចន្លោះប្រហោងនៃកម្មវិធី ឬចំនុចខ្សោយដែលមានលើប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីសូហ្វវែរ ហើយពួកហែឃ័រ (Hacker) អាចវាយលុកចំនុចខ្សោយទំាងនោះ ដោយបង្កើតកម្មដើម្បីបំបែកចូលប្រព័ន្ធតាមរយៈចំនុចខ្សោយ ហើយបន្ទាប់មកធ្វើការបញ្ចូលមេរោគទៅឧបករណ៍របស់អ្នក។
៦-Snooping និង Sniffing
Snooping and sniffing គឺជាការលួចស្តាប់ និងលួចទិន្នន័យ។ ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ិនធឺណិត អាចទិញកម្មវិធី និងឧបករណ៍សម្រាប់ដំណើរការការលួចស្តាប់ និងលួចទិន្នន័យ ហើយដែលបច្ចេកទេសនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារលួចមើល និងដឹងគ្រប់យ៉ាងនូវអ្វីដែលអ្នកកំពុងធ្វើនៅលើប្រព័ន្ធអ៊ិនធឺណិតរួមមាន៖ ការចូលទៅមើលទំព័រវេបសាយ (រាប់បញ្ចូលទាំង ព័ត៌មានដែលអ្នកបានបំពេញនៅលើវេបសាយ) ដើម្បីចាប់យកព័ត៌មានចូលប្រើគណនី ហើយអាចទាំងលួចយកគណនីរបស់អ្នកទាំងស្រុងតែម្តង។
៧-Hotspots ដែលមានគ្រោះថ្នាក់
Hotspot ដែលមានគ្រោះថ្នាក់នេះ គឺសំដៅទៅលើការបោកបញ្ឆោតជនរងគ្រោះភ្ជាប់ទៅកាន់ hotspot ដោយមិនបានដឹងថា Hotspot (WiFi) នោះជារបស់អ្នកវាយប្រហារ ឬឧក្រិដ្ឋជនបច្ចេកវិទ្យា ដោយសារឈ្មោះ hostpost ដែលបានដាក់នោះ គឺមើលទៅមិនគួរឱ្យសង្ស័យ។ ឧទាហរណ៏ថាអ្នកកំពុងស្នាក់នៅក្នុងសណ្ឋាគារ Goodnyght Inn ហើយអ្នកចង់ភ្ជាប់ wifi របស់សណ្ឋាគារនោះ អ្នកប្រហែលជាគិតថាអ្នកបានជ្រើសរើសត្រឹមត្រូវ នៅពេលដែលអ្នកចុចលើ “Goodnyght Inn” ប៉ុន្តែអ្នកមិនបានដឹងថាអ្នកបានភ្ជាប់ hotspots បោកបញ្ជោតដែលបង្កើតឡើងដោយឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ិនធឹណិត ដែលអាចឱ្យអ្នកវាប្រហារមើលព័ត៌មានសំខាន់របស់អ្នកបាន។
៨-របៀបរក្សាសុវត្ថិភាពនៅលើវ៉ាយហ្វាយសាធារណៈ
មធ្យោបាយដ៏ល្អបំផុតដើម្បីរក្សាព័ត៌មានរបស់អ្នកអោយមានសុវត្ថិភាព នៅពេលប្រើ wifi សាធារណៈ គឺត្រូវប្រើបណ្តាញឯកជននិម្មិត (Virtual Private Network | VPN) ដូចជា Norton Secure VPN ជាដើម។ ហើយប្រសិនបើអ្នកប្រើប្រាស់លើកុំព្យូទ័រ Mac របស់អ្នកស្មាតហ្វូនឬ Tablet ភ្ជាប់ទៅកាន់បណ្តាញ wifi សាធារណៈនោះ អ្នកគួរអនុវត្តតាមវិធីសាស្ត្រការពារនៅចំនុចខាងក្រោមនេះ
៩-វិធីសាស្រ្តកាពារ
-អ្វីដែលអ្នកមិនត្រូវធ្វើ
មិនត្រូវប្រើមុខងារភ្ជាប់បណ្តាញ wifi ដោយស័្វយប្រវត្តិ
មិនត្រូវចូលប្រើប្រាស់គណនីតាមរយៈកម្មវិធី (app) ដែលមិនច្បាស់លាស់ ហើយជំនួសវិញដោយបើកទៅកាន់វេបសាយផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់ថាមានប្រើ HTTPS មុនពេលចូលប្រើគណនី
មិនត្រូវបើកដំណើរការ wifi ឬ bluetooth នៅពេលអ្នកមិនប្រើ
មិនត្រូវចូលគេហទំព័រដែលទាមទារព័ត៌មានសំខាន់ ដូចជាគណនីហិរញ្ញវត្ថុជាដើម
មិនត្រូវចូលទៅក្នុងបណ្ដាញដែលមិនបានការពារដោយពាក្យសម្ងាត់ឡើយ
-អ្វីដែលអ្នកត្រូវធ្វើ
បិទមុខងារចែករំលែកឯកសារ (file sharing)
បើកតែវេបសាយណាដែលមានប្រើ HTTPS នៅពេលបញ្ជូលព័ត៌មានសំខាន់
ចាកចេញពីគណនី (log out) នៅពេលដែលឈប់ប្រើ
ប្រើ VPN ដូចជា Norton Secure VPN ដើម្បីប្រាកដថាការភ្ជាប់បណ្តាញ wifi សាធារណៈរបស់អ្នកមានឯកជន និងសុវត្ថិភាព ៕

ដោយ៖ បូណា

ប្រភព :

camcert

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី