ហេដ្ឋារចនាសម្ពន្ធ័ក្នុងខេត្តកំពត រៀបចំបាន ៧០%ហើយ សម្រាប់ទទួលពិធីបុណ្យសមុទ្រខាងមុខនេះ

85588
  • អាជ្ញាធរខេត្តកំពត អះអាងថា ហេដ្ឋារចនាសម្ពន្ធ័ក្នុងខេត្ត ត្រូវបានរៀបចំបាន៧០%ហើយ សំរាប់ទទួលពិធីបុណ្យសមុទ្រខាងមុខនេះ ដែលរំពឹងថា នឹងមានភ្ញៀវជាតិនិងអន្តរជាតិចូលទៅកម្សាន្តច្រើន ។

    ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋបាលខេត្ត សហការជាមួយមន្រ្តីពាក់ព័ន្ធទាំងអស់ បានរៀបចំកែលម្អសោភ័ណភាពសួនច្បារ រចនាដាក់ភ្លើងពណ៌ រៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធា្នប់ អនាម័យ ធុងសំរាម គុណភាពសេវាកម្ម បង្គន់អនាម័យ សម្រាប់ព្រឹត្តការណ៍បុណ្យសមុទ្រ លើកទី៨ ជុំទី២ លើទឹកដីខេត្តកំពត ដែលនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូខាងមុខនេះ ។
    ជាមួយគ្នានេះ ក៏បានត្រៀមរៀបចំស្តង់តាំងពិព័រណ៍ផលិតផលក្នុងស្រុក លក់ម្ហូបអាហារ សម្លៀកបំពាក់ ឧបករណ៍អេឡិចត្រូនិចពីបរទេស ការប្រគំតន្ត្រីដែលមានការចូលរួមពីតារាចម្រៀងជាតិនិងអន្តរជាតិ និងល្បែងកំសាន្តជាច្រើនប្រភេទទៀត ។

    ឯកឧត្តមបានបន្តថា អ្វីដែលបានស្ថាបនារួចរាល់នោះ មានដូចជាបន្ទប់អនាម័យលំដាប់ស្តង់ដារពីរកន្លែង ស្ថាបនាពង្រីកនិងកែលម្អផ្លូវបេតុងចំនួនប្រាំខ្សែ ព្រមទាំងការដាក់ពង្រាយភ្លើងពណ៌តាមទីសំខាន់ៗ ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការស្តារប្រព័ន្ធលូបង្ហូរទឹក ការសាងសង់ខ្លោងទ្វារពហុកីឡដ្ឋានខេត្ត ដែលជាកន្លែងសំខាន់សម្រាប់ពិធីបុណ្យសមុទ្រនេះ ។
    ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រោងទៅលេងកម្សាន្តនៅទីនោះ ចូលរួមគោរពច្បាប់ចរាចរណ៍ ជួយថែរក្សាអនាម័យបរិស្ថានអោយបានស្អាត ក្នុងន័យជួយលើកស្ទួយតំបន់ទេសចរណ៍ក្នុងខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី