ធនាគាពិភពលោក ផ្តល់យុទ្ធសាស្រ្ត ៤ យ៉ាងដល់កម្ពុជាដើម្បីធានាឲ្យមានការងារច្រើននិងប្រសើរនាពេលអនាគត

70418
  • របាយការណ៍របស់ធនាគាពិភពលោកក្រោមចំណងជើងថា អនាគតការងារនៅប្រទេសកម្ពុជា តំណភ្ជាប់ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ ដែលចេញផ្សាយនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ភាពចម្រុះនិងគុណភាពនៃការងារដែលមាននៅក្នុងប្រទេស កំពុងមានការ កែលម្អឱ្យប្រសើរឡើង ប៉ុន្តែកម្ពុជា ចាំបាច់ត្រូវមានគោលនយោបាយថ្មីៗ ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសនានា ដែលអាចរកបាននៅលើទីផ្សារពិភពលោក នាពេលអនាគត ។

    របាយការណ៍ដដែលនេះ បន្តថា ក្នុងចំណោមការងារចំនួន ៨ លាននៅក្នុងប្រទេសកម្ពុជា មាន ៣៧ភាគរយ ជាការងារមានប្រាក់ឈ្នួលដែលភាគច្រើនផ្តល់ប្រាក់ចំណូលខ្ពស់គ្រាន់បើ និងអត្ថប្រយោជន៍ការពារបន្ថែមដល់កម្មករ ខណៈ ៦៣ភាគរយទៀត នៅតែជាការងារបែបប្រពៃណីនៅឡើយ ក្នុងនោះមានការងារដាំដុះឬអាជីវកម្ម ជាលក្ខណៈគ្រួសារដែលមិនសូវបានធ្វើ សមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចទំនើបប៉ុន្មានទេ ហើយផ្តល់ឱ្យកម្មករនូវប្រាក់ចំណូលទាបជាង។
    លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ ” ភាពចម្រុះនិងគុណភាពនៃការងារនៅក្នុងប្រទេសកម្ពុជា ត្រូវបានកែលម្អឱ្យប្រសើរឡើងជា បណ្តើរៗហើយ។ ប៉ុន្តែ និន្នាការសកល មានដូចជា ការ កើនឡើងនូវចំនួនរបស់វណ្ណៈកណ្តាលក្នុងតំបន់អាស៊ី បម្រែបម្រួលលំនាំក្នុងការធ្វើពាណិជ្ជកម្ម និង ស្វ័យប្រវត្តិកម្ម តម្រូវឱ្យ កម្ពុជាគិតគូរឡើងវិញអំពីយុទ្ធសាស្ត្រការងាររបស់ខ្លួន ខណៈដែល ប្រទេស នេះ កំពុងឈានឆ្ពោះទៅកាន់ដំណាក់កាលមួយទៀតនៃការអភិវឌ្ឍផ្អែកលើការនាំចេញ ” ។

    របាយការណ៍ដដែលនេះ បានកត់សម្គាល់ថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស បានដើរតួយ៉ាងសំខាន់ក្នុងការងាររួមចំណែកបង្កើតការងារ មានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។ មកដល់ឆ្នាំ២០១៥ មួយភាគ៣ នៃការងារមានប្រាក់ឈ្នួលនៅកម្ពុជា គឺស្ថិតនៅក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស ។
    ក្រុមហ៊ុនក្នុងស្រុកមានចំនួនច្រើនជាងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស ប៉ុន្តែពួកគេមិនបានចូលរួមចំណែកបង្កើតការងារបានច្រើនទេ។ ក្រុមហ៊ុនក្នុងស្រុកជួលកម្មករជាមធ្យម ៨នាក់ក្នុងមួយក្រុមហ៊ុន បើប្រៀបធៀបទៅនឹង ១២៤នាក់ ក្នុង ក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស ។ កង្វល់ធំមួយគឺនៅត្រង់ការធ្វើយ៉ាងណាឱ្យពលករកម្ពុជាមានជំនាញចាំបាច់ ដើម្បីពួកគាត់អាចទៅប្រកួតប្រជែងជាមួយកម្មករមកពីប្រទេសផ្សេងទៀត ក្នុងការស្វែងរកការងារធ្វើក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយបរទេស ។
    នៅឆ្នាំ២០១៦ ចំនួន ៣៧,៦ភាគរយនៃក្រុមហ៊ុននាំចេញបានប្រាប់ឱ្យដឹងថា កម្លាំងពលកម្មដែលមានការអប់រំជំនាញមិនគ្រប់គ្រាន់ ជាឧបសគ្គចម្បងដល់ការធ្វើអាជីវកម្ម។
    របាយការណ៍នេះ បានផ្តល់អនុសាសន៍បែបយុទ្ធសាស្រ្ត ៤ ដើម្បីធានាសម្រាប់ឲ្យមានការងារច្រើននិងប្រសើរនាពេលអនាគត ១-ធ្វើពិពិធកម្មវិស័យនាំចេញឲ្យចូលក្នុងខ្សែចង្វាក់តម្លៃនៃតម្លៃបន្ថែម ២-បង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកដែលគាំទ្រដល់ការរីកលូតលាស់នៃក្រុមហ៊ុនក្នុងស្រុក ៣-ពង្រឹងការតភ្ជាប់រវាងវិស័យការងារក្នុងស្រុកនិងការនាំចេញនៃសេដ្ឋកិច្ច និង ៤-ការវិនិយោគលើជំនាញនិងការអប់រំនៃកម្មករ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី