
Mario Balotelli ខ្សែប្រយុទ្ធដែលដើរដល់ផ្លូវបំបែកជាមួយ Nice បាននិយាយថា គាត់នៅមិនទាន់បានសម្រេចចិត្តលើអនាគតរបស់គាត់នៅឡើយទេ ដោយសារតែត្រូវត្រៀមខ្លួនសម្រាប់ប៉ុន្មានថ្ងៃចុងក្រោយរបស់គាត់ជាមួយក្រុមនៅ Ligue 1 នេះ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះទទួលបានជោគជ័យល្អគួរសមពេលមកឲ្យក្លឹបបារាំងមួយនេះ បន្ទាប់ពីចាកចេញពី Liverpool នៅឆ្នាំ ២០១៦។ គាត់ស៊ុតបញ្ចូលទីបាន ៤៣ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦៥ ប្រកួតនៅក្នុងការប្រកួតទាំងអស់ ប៉ុន្តែអ៊ីតាលីបានមើលរំលងពីសមត្ថភាពរបស់គាត់ ក្រោយពីគាត់បានជាប់ក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួត World Cup ឆ្នាំ ២០១៤ នៅប្រេស៊ីលតែប៉ុណ្ណោះ។
Balotelli បានសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយ Nice ទេ ដោយនិយាយថា គាត់ចង់វិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីដើម្បីលេងនៅក្របខណ្ឌ Serie A វិញ។ កាលពីមុន គាត់ធ្លាប់បានលេងឲ្យ AC Milan និង Inter Milan នៅក្នុងក្របខណ្ឌកំពូលរបស់អ៊ីតាលី ហើយថែមទាំងមានពាក្យចចាមអារ៉ាមថាគាត់អាចនឹងផ្ទេរទៅក្រុមម្ចាស់ជើងឯកថ្មីគឺក្លឹប Juventus ទៀតផង។
Balotelli បានប្រាប់ប៉ុស្តិ៍ YouTube ផ្លូវការរបស់ក្លឹប Nice ថា៖ ខ្ញុំមានរឿងដែលត្រូវអាឡោះអាល័យជាច្រើន ដោយសារវាជាការប្រកួតចុងក្រោយក្នុងរដូវកាលនេះនៅកីឡដ្ឋាន Allianz Riviera ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនៅមិនទាន់ដឹងថាត្រូវធ្វើអ្វីនៅរដូវកាលក្រោយនោះទេ។ ប្រសិនបើខ្ញុំពិតជាចាកចេញមែននោះ ខ្ញុំប្រាកដជាឃ្លាតទៅទាំងអាឡោះអាល័យមិនខាន ៕
ដោយ៖តារា