ធនាគារពិភពលោកថា ការងារនៅកម្ពុជាជាង ៦០% ជាប្រភេទការងារប្រពៃណី និងគ្រួសារ

70049
  • ធនាគារពិភពលោក (World Bank) បានគូសបញ្ជាក់ថា ភាពចម្រុះ និងគុណភាព នៃការងារ ដែលមាននៅក្នុងប្រទេសកម្ពុជា កំពុងមានការកែលម្អឱ្យប្រសើរឡើងៗ ប៉ុន្តែកម្ពុជាចាំបាច់ ត្រូវមានគោលនយោបាយថ្មីៗ ដើម្បីទាញយកអត្ថប្រយោជន៍ ពីឱកាសនានា ដែលអាចរកបាន នៅលើទីផ្សារពិភពលោកនាពេលអនាគត ខណៈការងារនៅកម្ពុជាជាង ៦០ភាគរយ ជាប្រភេទការងារប្រពៃណី ។

    បើតាមរបាយការណ៍ របស់ធនាគារពិភពលោក ដែលត្រូវបានលើកឡើងនៅ ក្នុងវេទិកាស្តីអំពី «អនាគតការងារនៅប្រទេសកម្ពុជា តំណភ្ជាប់ជាមួយសេដ្ឋកិច្ចនាពេល ខាងមុខ» ធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្នុងចំណោមការ ងារចំនួន ៨លាននៅក្នុងប្រទេសកម្ពុជា មាន ៣៧ភាគរយជាការងារមានប្រាក់ឈ្នួល ទទួលប្រាក់ចំណូលខ្ពស់ ខណៈ ៦៣ភាគរយទៀត នៅតែជាការងារបែបប្រពៃណីនៅឡើយ ។ ក្នុងនោះមានការងារដាំដុះ ឬអាជីវកម្មជាលក្ខណៈគ្រួសារ ដែលមិនសូវបានធ្វើសមាហរណកម្ម ចូលទៅក្នុងសេដ្ឋកិច្ចទំនើបប៉ុន្មានទេ ហើយផ្តល់ឱ្យកម្មករ នូវប្រាក់ចំណូលទាប ។
    លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជាបានថ្លែងថា៖ ” ភាពចម្រុះ និងគុណភាពនៃការងារ នៅក្នុងប្រទេសកម្ពុជា ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបណ្តើរៗហើយ ។ ប៉ុន្តែ និន្នាការសកល មានដូចជាការកើនឡើង នូវចំនួនរបស់វណ្ណៈកណ្តាលក្នុងតំបន់អាស៊ី បម្រែបម្រួលលំនាំក្នុងការធ្វើពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម តម្រូវឱ្យកម្ពុជាគិតគូរឡើងវិញ អំពីយុទ្ធសាស្ត្រការងាររបស់ខ្លួន ខណៈដែលប្រទេសនេះ កំពុងឈានឆ្ពោះទៅកាន់ ដំណាក់កាលមួយទៀត នៃការអភិវឌ្ឍផ្អែកលើការនាំចេញ ” ។

    លោកស្រីបន្ដថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស បានដើរតួយ៉ាងសំខាន់ ក្នុងការងាររួមចំណែកបង្កើតការងារមានគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា។ មកដល់ឆ្នាំ២០១៥ មួយភាគបី នៃការងារមានប្រាក់ឈ្នួល នៅកម្ពុជា គឺស្ថិតនៅ ក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស។ ក្នុងអំឡុងឆ្នាំ២០១០-២០១៥ ឧស្សាហកម្ម កាត់ដេរ គឺជាវិស័យមុខរបរ ដែលមានការរីកលូតលាស់យ៉ាងលឿនបំផុត ដោយបង្កើនចំណែករបស់ខ្លួន នៅក្នុងការបង្កើត ការងារបាន ១.១ភាគរយក្នុងមួយឆ្នាំ។
    លោកស្រី អ៊ិនហ្គូណា ដូប្រាចា បានលើកឡើងថា ក្រុមហ៊ុនក្នុងស្រុកមានចំនួន ច្រើនជាងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស ប៉ុន្តែពួកគេមិនបានចូលរួមចំណែក បង្កើតការងារបានច្រើនទេ ។ ក្រុមហ៊ុនក្នុងស្រុកជួល កម្មករជាមធ្យម ៨នាក់ ក្នុងមួយក្រុមហ៊ុន បើប្រៀបធៀបទៅនឹង ១២៤នាក់ ក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស ។

    ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា បានបន្ដទៀតថា កង្វល់ធំមួយ គឺនៅត្រង់ការធ្វើយ៉ាងណា ឱ្យពលករកម្ពុជាមានជំនាញចាំបាច់ ដើម្បីពួកគាត់អាច ទៅប្រកួតប្រជែង ជាមួយកម្មករមកពីប្រទេសផ្សេងទៀត ក្នុងការស្វែងរកការងារធ្វើក្នុងក្រុមហ៊ុន ដែលគ្រប់គ្រងដោយបរទេស។ នៅឆ្នាំ២០១៦ មាន ៣៧.៦ភាគរយ នៃក្រុមហ៊ុននាំចេញ បានប្រាប់ឱ្យដឹងថា កម្លាំងពលកម្មដែលមាន ការអប់រំជំនាញមិនគ្រប់គ្រាន់ជាឧបសគ្គចម្បង ដល់ការធ្វើអាជីវកម្ម ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី