
Gabriel Jesus ខ្សែប្រយុទ្ធរបស់ Manchester City បាននិយាយថា គាត់មានអារម្មណ៍រំភើប មិនគួរឲ្យជឿដែលបានក្លាយជាកីឡាករម្នាក់ដែលត្រូវចូលរួមការប្រកួត World Cup ហើយថែមទាំងមានរូបស្ទីកគ័រផ្ទាល់ខ្លួនទៀតផង។ ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះបានជាប់ក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួត World Cup ឆ្នាំ ២០១៨ ហើយបានសារភាពថា វាស្ទើរតែមិនគួរឲ្យជឿទេដែលគាត់អាចសម្រេចក្តីសុបិនដែលគាត់ធ្លាប់តែស្រមៃកាលពីនៅក្មេង។
គាត់បានប្រាប់ទូរទស្សន៍ ESPN Brazil ថា៖ អ្នកមើលទៅវា ហើយអ្នកសឹងតែមិនជឿខ្លួនអ្នកនោះទេ ព្រោះអ្នកធ្លាប់តែរក្សាទុករូបស្ទីកគ័ររបស់កីឡាករជាច្រើននាក់ ហើយពេលនេះរូបរបស់អ្នកមាននៅក្នុងក្រុមជម្រើសជាតិដែរ។ អ្នកមានរូបខ្លួនឯង ហើយអ្នកឃើញអ្នកផ្សេងទៀតនិយាយអំពីរឿងនេះ និងចង់បានរូបស្ទីកគ័ររបស់អ្នក ។ វាពិតជាមិនគួរឲ្យជឿឡើយ។ វាធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ពេលខ្លះ ខ្ញុំនៅតែមិនជឿនឹងភ្នែកខ្លួនឯងផង។ វាគឺជាការប្រកួតដ៏ធំបំផុតនៅក្នុងពិភពបាល់ទាត់ ហើយជាពានដែលកីឡាករគ្រប់គ្នាគ្រប់ជាតិសាសន៍ប្រាថ្នាចង់បានបំផុត។ ពីមុន អ្នកបានត្រឹមតែគិតប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ អ្នកយល់ពីអារម្មណ៍នេះហើយ ។
Jesus បានអវត្តមានពីការប្រកួតសម្រាប់ Man City អស់រយៈពេលពីរបីខែនៅរដូវកាលនេះ ដោយសារតែបញ្ហារបួសជង្គង់ ប៉ុន្តែគាត់បានជាសះស្បើយឡើយវិញហើយ ហើយជឿថារូបគាត់នឹងអាចលេងបានល្អបំផុតនៅប្រទេសរុស្ស៊ី។
គាត់បានបន្ថែមទៀតថា៖ ខ្ញុំកំពុងតែវិលត្រឡប់ទៅកាន់ទម្រង់លេងដ៏ល្អបំផុតរបស់ខ្ញុំវិញហើយ ។ ដូច្នេះ ខ្ញុំគិតថាអ្វីៗផ្សេងទៀតគ្មានបញ្ហានោះទេ។ ខ្ញុំខិតខំហ្វឹកហាត់យ៉ាងខ្លាំង ព្រមទាំងប្រឹងថែរក្សាខ្លួនយ៉ាងល្អទៀតផង ហើយម្យ៉ាងខ្ញុំក៏នៅក្មេងដែរ។ ខ្ញុំតែងតែចង់រត់ និងចង់ចូលរួមការប្រកួត។ ពិតណាស់ថា ខ្ញុំនឹងប្រឹងលេងនៅទីនោះឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ៕
ដោយ៖តារា