
លោក Arsene Wenger បានដឹកនាំក្រុមបាល់ទាត់ កាំភ្លើងធំឆ្លងកាត់ការប្រកួតចំនួន ១.២៣៥ ប្រកួត ដែលពេលនេះធ្វើឲ្យលោកនៅមិនទាន់អាចកាត់ចិត្តពីក្លឹបមួយនេះបាននៅឡើយ។
លោកបានមានប្រសាសន៍ថា៖ វាហាក់ដូចជាឆាប់ពេកហើយសម្រាប់ខ្ញុំថានឹងត្រូវធ្វើអ្វីឲ្យប្រាកដនោះ។ សូម្បីតែតុធ្វើការរបស់ខ្ញុំក៏មិនទាំងទាន់បានសម្អាត់អស់ផង។ ខ្ញុំនៅមានអារម្មណ៍អាឡោះអាល័យនៅឡើយ។ មើលទៅទាល់តែថ្ងៃទី ១៤ ខែ មិថុនា ខាងមុខ ដែលជាថ្ងៃចាប់ផ្តើមការប្រកួតបាល់ទាត់ពាន់រង្វាន់ពិភពលោក ទើបខ្ញុំអាចសម្រេចចិត្តបាន។ សំណួរគឺនៅត្រង់ថាតើខ្ញុំពិតជានៅចង់បង្វឹកបាល់ទាត់ ដែលត្រូវអង្គុយលើបង់ទៀតយូរទៀត ឬ ក៏ត្រូវចាប់យកមុខងារផ្សេង។ ប៉ុន្តែអ្វីដែលប្រាកដនោះគឺខ្ញុំនឹងនៅបន្តធ្វើការទៀត។
រហូតមកដល់ពេលនេះ លោក Wenger បានធ្វើការនេះអស់រយៈពេល ៣៤ ឆ្នាំជាប់គ្នាមកហើយ ដោយមិនដែលបានសម្រាកនៅឡើយ គឺចាប់ពីក្លាយជាអ្នកចាត់ការនៅក្លឹប Nancy នៅឆ្នាំ ១៩៨៤ មក។
លោកបន្តថា៖ ខ្ញុំមានមិត្តភក្តិជាច្រើនដែលពួកគេអាចចំណាយពេលដេកហាលថ្ងៃនៅឆ្នេសមុទ្រពេញមួយថ្ងៃពេលថ្ងៃឈប់សម្រាកម្តងៗ ហើយខ្ញុំពិតជាច្រណែននឹងពួកគេណាស។ ប៉ុន្តែខ្ញុំពិតជាមិនអាចធ្វើបានដូចគេនោះទេ។ ខ្ញុុំនឹងធុញជាមិនខាន។ ខ្ញុំត្រូវតែធ្វើអ្វីមួយទើបបាន។ ខ្ញុំត្រូវការការប្រជែង។ រាល់ថ្ងៃខ្ញុំស្ទើរតែដកដង្ហើមចេញចូល ជាបាល់ទាត់ទៅហើយ ហើយវាជាចំណូលចិត្តរបស់ខ្ញុំ។ ខ្ញុំមិនអាចស្រមៃឃើញថាខ្ញុំអាចធ្វើអ្វីផ្សេងបាននោះទេ ៕
ដោយ៖តារា