អនុប្រធានសភាប៉ាគីស្ថាន កោតសរសើរពីការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា

96393
  • ឯកឧត្តម Qasim Khan Suri អនុប្រធានសភាជាតិសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បា​ន​កោតសរសើរពីកំណើនសេដ្ឋកិច្ច និងការរីកចម្រើនដ៏ធំធេងនៅកម្ពុជា ជាមួយការអភិវឌ្ឍលើ​គ្រ​ប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រកម្ពុជានោះ ។
    ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់អ្នកយក​ព័ត៌​មា​ន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាត ឱ្យឯកឧត្តម Qasim Kha​n Suri អនុប្រធានសភាជាតិសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចូលជួបសម្ដែង​ការគួរ​សម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១​៩​ នៅវិមានសន្តិភាព ។

    ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យភាគីទាំងពីរបន្ត​ពង្រឹ​ង​កិច្ចសហប្រតិ​បត្តិ​​ការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ។ សម្តេចតេជោ បានចាត់​ទុក​វត្តមាន​របស់ ឯកឧត្តម និងគណៈប្រតិភូប៉ាគីស្ថាននៅកម្ពុជា គឺឆ្លុះបញ្ចាំងសាមគ្គីភាព នៅក្នុ​ង​​ក្រប​ខ័ណ្ឌ​​អាស៊ីប៉ាស៊ីហ្វិក និងជាការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា និងប៉ាគីស្ថាន ។ ឯកឧ​ត្ត​ម​អនុប្រធានប៉ាគីស្ថានបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ ពិតជាមានកិច្ចសហប្រតិបត្តិការ​យូរ​លង់មកហើយ ដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានខ្លាំងក្លាបន្ថែមទៀត ។ ក្រៅពីនេះ​ក៏​ចង់ឱ្យមានកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់ ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន ។ ឯកឧត្តម បា​នអបអរសាទរសម្តេចតេជោ ដែលបានឈ្នះការបោះឆ្នោត ២០១៨ កន្លងទៅនេះ និងរីករាយ​ដែ​លបានឃើញសមិទ្ធផលអភិវឌ្ឍន៍របស់កម្ពុជា ។ ឯកឧត្តមអនុប្រធានសភាប៉ាគីស្ថានបាន​កោ​ត​​សរសើរពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការរីកចម្រើនដ៏ធំធេងនៅកម្ពុជា ជាមួយការ​អភិ​វឌ្ឍ​គ្រប់វិស័យ។ ឯកឧត្តមក៏ចង់ឃើញភាគីទាំងពីរគឺមានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញ​ទៅមក នៅក្នុងក្រប​ខ័ណ្ឌ​សភា និងសភា ព្រមទាំងទស្សនកិច្ចថ្នាក់ដឹកនាំទៅវិញ​ទៅមក​ផងដែរ ។
    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជានិងប៉ាគីស្ថាន មានទំនា​ក់​​ទំនងនឹងគ្នាជាយូរមកហើយ ពិសេសប៉ាគីស្ថានបានទទួលស្គាល់ឯករាជ្យ​កម្ពុជាតាំងពីឆ្នាំ១៩​៥​២ ពោលគឺមុនប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត ។ សម្តេចតេជោចង់ឱ្យភាគី​ ទាំ​ង​ពី​រ​​ស្វែងរកមធ្យោបាយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសកិច្ច​ស​ហ​ប្រតិ​បត្តិការទៅលើវិស័យសេដ្ឋកិច្ច វិនិយោគជាដើម ។

    ជាមួយគ្នានេះ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​​នៅមានចំនួន​តិច​តួចនៅឡើយ ដូច្នេះសម្តេចតេជោនាយករដ្ឋមន្ត្រី ចង់ភាគីទាំងពីរ​ជំរុញ​ឱ្យ​ទំហំពាណិជ្ជកម្ម​ប្រ​ទេសទាំងពីរមានការកើនឡើងថែមទៀត ។ ពាក់ព័ន្ធទៅនឹងវិស័យ​វប្បធម៌ និងវិស័យ​អប់រំ​វិ​ញ​ សម្តេចតេជោក៏អរគុណចំពោះប៉ាគីស្ថាន ដែលបានផ្តល់អាហារូប ករណ៍ដល់និស្សិតកម្ពុជា និ​ង​មន្ត្រីកម្ពុជា ដើម្បីទទួលបានការបណ្តុះបណ្តាលនៅប៉ាគីស្ថាន ។ ចំពោះវិស័យ​នយោ​បាយ សម្តេចតេជោបញ្ជាក់បន្ថែមថា កន្លងទៅនេះ កម្ពុជា បានគាំទ្រ ប៉ាគីស្ថានក្នុង​ការក្លា​យ​ជា​ប្រ​ទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងចង់ក្លាយជាដៃគូ ពេញលេញរបស់អាស៊ាន​នៅ​​ពេល​ខាង​មុខនេះ។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋ មន្ត្រីបានអញ្ជើញថ្នាក់ដឹកនាំ​កំពូ​លប៉ាគីស្ថានមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចនឹងរក ពេលវេលាសមស្រប ដើម្បី​ទ​ស្ស​​នកិច្ចនៅប្រទេសប៉ាគីស្ថានផងដែរ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី