
ខ្សែបម្រើ Charyl Chappuis របស់ក្រុម Muangthong United ត្រូវបានគេកោះហៅចូលក្រុមជម្រើសជាតិថៃសម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេសចិននៅទីក្រុងបាងកកនៅខែក្រោយ។
Chappuis ខកខានមិនមានវត្តមានកាលប្រកួត King’s Cup នៅក្នុងខែមីនាបន្ទាប់ពីការធ្លាក់ទម្រង់លេង។ ទោះជាយ៉ាងណាក៏ដោយការបំពេញតួនាទីដ៏ល្អរបស់គាត់នាពេលថ្មីៗរួមទាំងការជួយអោយ Muangthong ផ្តួល Chainat Hornbill ២-០ ក្នុងក្របខ័ណ្ឌ Thai League 1 កាលពីចុងសប្តាហ៍មុនបានធ្វើឱ្យគាត់ត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិសារជាថ្មីវិញម្ដងទៀតពីគ្រូបង្វឹក Milovan Rajevac ។
ខ្សែបម្រើកាត់ ថៃ – ស្វីស រូបនេះបាននិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ហើយខ្ញុំចង់និយាយថាអរគុណសម្រាប់ការផ្តល់ឱកាសឱ្យខ្ញុំ។ ខ្ញុំនឹងខិតខំឱ្យអស់ពីលទ្ធភាពហើយនឹងមិនឱ្យគាត់ (Milovan Rajevac) ខកចិត្តឡើយ “។
មិត្តរួមក្រុមរបស់ Chappuis នៅ Muangthong រួមទាំងខ្សែបម្រើខ្សែបម្រើ Sarach Yooyen ខ្សែប្រយុទ្ធ Siroch Chatthong និង Chenrop Samphaodi ក៏ត្រូវបានកោះហៅផងដែរ ៕
ដោយ៖តារា