
Zinedine Zidane គ្រូបង្វឹករបស់ Real Madrid បាននិយាយថា តារាបាល់ទាត់ Cristiano Ronaldo កំពុងស្ថិតក្នុងស្ថានភាពរាងកាយដ៏មាំមួន មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Champions League នៅខែឧសភាជាមួយ Liverpool ក្នុងទីក្រុងគាវ។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានអវត្តមានពី Los Blancos (Real Madrid) ចាប់តាំងពីទទួលរងរបួសកជើងនៅពេលដែលលេងជាមួយ Barca ដោយទទួលបានលទ្ធផលត្រឹមស្មើកាលពីដើមខែនេះ។ ប៉ុន្តែ Zidane បាននិយាយថា ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះបានជាសះស្បើយឡើងវិញហើយ ហើយបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតជាមួយក្រុមហង្សក្រហមនៅកីឡដ្ឋាន Olimpiyskiy National Sports Complex នៅថ្ងៃទី ២៦ ខែ ឧសភានេះ។
គាត់បានប្រាប់អ្នកសារព័ត៌មានថា៖ “ឥឡូវនេះគាត់ជាសះស្បើយបាន ១២០% ហើយ។ ប្រសិនបើ Cristiano ជាបាន ១២០% ទៅហើយ នោះវាពិតជាល្អណាស់សម្រាប់ខ្ញុំ”។
លើសពីនេះទៀតគាត់បានបន្ថែមទៀតថា ទម្រង់លេងដ៏ល្អរបស់ Gareth Bale នាពេលថ្មីៗនេះក៏កំពុងតែជួយលើកទឹកចិត្តដល់ក្រុមរបស់គាត់ផងដែរ ក៏បាននិយាយថា៖ “អ្នកអាចនិយាយបានថា គាត់ឡើងជើងដោយសារតែគ្រាប់បាល់ដែលគាត់រកបាន ប៉ុន្តែតាមពិតដោយសារតែគាត់បានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ។ អ្វីដែលសំខាន់បំផុតនោះគឺឃើញកីឡាករគ្រប់គ្នាស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ។ នោះជាអ្វីដែលខ្ញុំផ្តោតលើ”។
គួបញ្ជាក់ផងដែរ ប្រសិនបើគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះឈ្នះតំណែងជើងឯក UCL ជាលើកទីបីជាប់គ្នានោះ គាត់នឹងក្លាយជាគ្រូបង្វឹកទីបីបន្ទាប់ពី Carlo Ancelotti និង Bob Paisley ដែលឈ្នះពាន Champion League បីលើក ៕
ដោយ៖តារា