តោះៗ! សហគមន៍ទេសចរណ៍កំពង់ភ្លុក កំពុងទាក់ទាញទេសចរខ្លាំងតាមរយ:អ្នកអុំទូកជាស្ត្រី

166064
  • លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោកអភិបាលស្រុកប្រាសាទបាគង និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ បានអញ្ជើញចុះទៅសួរសុខទុក្ខ ស្វែងយល់ពីស្ថានភាពក្រុមស្ត្រីអុំទូក និងសក្តានុពលទេសចរណ៍ នៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ។

    គួរបញ្ជាក់ថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ដែលមាន ៣ ភូមិ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានចំងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅរាជធានីភ្នំពេញ ។
    ដោយសហគមន៍នេះមានភាពទាក់ទាញដល់អ្នកទេសចរអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមមាត់បឹងទន្លេសាប ទស្សនាផ្ទះសង់ខ្ពស់ៗនៅលើផ្ទៃទឹក ទស្សនាភូមិបណ្តែតទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក និងផ្តិតយកនូវរូបភាពស្អាតៗ ហើយអ្វីដែលកាន់តែពិសេសគឺអាចទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយជាមួយនឹងភោជនីយដ្ឋានបណ្តែតទឹក បែចិញ្ជឹមត្រី រួមជាមួយនឹងទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹង ។
    ចំពោះលក្ខណ:ពិសេសប្លែកគេរបស់សហគមន៍ ហើយដែលភ្ញៀវទេសចរជាតិ-អន្តរជាតិពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្តក្នុងភូមិមើលទេសភាព និងព្រៃលិចទឹកដែលមានអ្នកអុំទូកជាស្ត្រីទាំងអស់ក្នុងចំណោមទូកចំនួន ៩៦១ ។ ក្រុមស្ត្រីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទ្ទេសក៍ទេសចរដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណ:ស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ ស្និទ្ធស្នាល ផ្តល់នូវភាពកក់ក្តៅ ។

    ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរទៅកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុកបានតាមរយ: រថយន្ត រ៉ឺម៉ក ឬម៉ូតូដោយប្រើរយៈពេលប្រមាណជា ២៥នាទីពីទីរួមខេត្តទៅកាន់ចំណតកាណូតរបស់សហគមន៍ ហើយបន្ទាប់មកយើងធ្វើដំណើរតាមកាណូតទៅកាន់សហគមន៍ដោយប្រើរយៈពេលប្រមាណ ២០ នាទីទៀត ទើបយើងទៅដល់សហគមន៍កំពង់ភ្លុក ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី