ម្ចាស់មេដាយមាសពិភពលោក ៤សម័យកាល៖ នាងខ្ញុំពិតជាមោទនភាពបំផុត និងអរគុណអ្នកគាំទ្រទាំងអស់

81111
  • វីរកីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា អ្នកស្រី កែ ឡេង បានសម្តែងនូវមោទនភាពជាតិ ក្រោយឈ្នះមេដាយមាសលើកទី៤ ជូនជាតិ ដោយនិយាយទាំងរំភើបចិត្តញាប់ញ័រនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារពត៌មានថា៖ ” នាងខ្ញុំពិតជាមានមោនភាពជាតិបំផុត ហើយសូមថ្លែងអរគុណដ៏ជ្រាលជ្រៅបំផុតជូនសម្តេចសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងប្រិយមិត្តអ្នកគាំទ្រទូទាំងប្រទេស ដែលផ្តល់ការគាំទ្រលើកទឹកចិត្តជូននាងខ្ញុំ ក៏ដូចជាក្រុមកីឡាករ កីឡាការិនីប៉េតង់កម្ពុជា រហូតដល់នាងខ្ញុំប្រជែងបានជោគជ័យ មេដាយមាស ជូនជាតិជាថ្មីម្តងទៀត ” ។

    អ្នកស្រី កែ ឡេង បន្ថែមថា ជ័យជម្នះដ៏ត្រចះត្រចង់នេះ គឺកើតចេញពីការរួមផ្តល់កម្លាំចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ប្រិយមិត្តទស្សនិកជន ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលជំរុញជួយជាកម្លាំងចិត្តមិនអាចខ្វះបាន ដែលធ្វើឲ្យស្មារតី អារម្មណ៍ ក្នុងពេលប្រកួតដល់សំខាន់ៗនានារហូតដល់វគ្គផ្តាច់ព្រ័ត្រនេះទទួលបានលទ្ធផលផ្លែផ្កា។
    ” នាងខ្ញុំ ក៏មិននឹកស្មានថា ខ្លួនឯងអាចការពារមេដាយមាសជើងឯកពិភពលោក ជាលើកទី៤ ជាប់ៗគ្នា តាមការប្តេជ្ញាចិត្តរបស់ខ្ញុំ មុនពេលប្រកួតនោះដែរ ។ ខ្ញុំសូមប្តេជ្ញាចិត្តថានឹងបន្តការខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជាតិយើងជាបន្តទៀត ។ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ខ្ញុំបានហ្វឹកហាត់ត្រៀមលំបាកខ្លាំងណាស់ ដោយហ្វឹកហាត់រហូតដល់ម៉ោង ៩យប់ ដើម្បីការពារពេលប្រកួតនៅពេលយប់ជាដើម ។ នាងខ្ញុំខំប្រឹងប្រកួត ដើម្បីកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដើម្បីអ្នកគាំទ្រខ្មែរ ទាំងអស់ ដែលផ្តល់ការគាំទ្រ កម្លាំងចិត្តជូនដល់នាងខ្ញុំ ហើយសូមបន្តការគាំទ្រដល់ក្រុមនារីប៉េង់កម្ពុជា លើវិញ្ញាសាក្រុម ៣នាក់ទល់៣នាក់ ដែលកំពុងដំណើរការឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ” ។ នេះជាការលើកឡើងបន្ថែមរបស់អ្នកស្រី កែ ឡេង ។

    ចំពោះក្រុមនារីកម្ពុជាទី១ រួមមានវីរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ វណ្ណា បានឡើងទៅកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីវាយបកឈ្នះក្រុមកីឡាការិនីវៀតណាម ដោយលទ្ធផលបច្ចេកទេស ពិន្ទុ ១៣ទល់១០ នៅវគ្គ ៨ក្រុមចុងក្រោយលើវិញ្ញាសាវាយជាក្រុម ៣នាក់ទល់នឹង៣នាក់ នាល្ងាចថ្ងៃទី២២ វិច្ឆិកានេះ ។ ដោយឡែកក្រុមនារីកម្ពុជាទី២ មានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, បង ចន្ថា និងកីឡាការិនី ដួង ឌីណា បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោយប្រកួតចាញ់ក្រុមនារីឡាវ ដោយលទ្ធផល ៤ទល់១៣ ហើយក្រុមនារីឡាវ ដែលឈ្នះក្រុមនារីកម្ពុជាក្រុមទី២ នឹងត្រូវ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមនារី នាព្រឹកថ្ងៃទី២៣ វិច្ឆិកា ស្អែកនេះ ។
    តាមការគ្រោងទុក សម្រាប់កម្មវិធីប្រកួតជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ នៅកម្ពុជានេះនឹងបិទបញ្ចប់ជាស្ថាពរ នាពេលល្ងាចថ្ងៃទី២៣ វិច្ឆិកានេះ ៕

    ដោយ៖ តារា     រូបភាព៖ SEA GAME 2023

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី